ស្ត្រីទុរគតវ័យចំណាស់ ប្រាប់មូលហេតុកាន់តែរំជួលចិត្ត ពីការដើរសុំក្បាលកណ្តុរអ្នកភូមិមកទទួលទាន
អាន ប៊ុនរ័ត្ននៈ
03 កញ្ញា 2021 03:45 AM

(ខេត្តកំពង់ឆ្នាំង)៖ ស្ត្រីទុរគតវ័យចំណាស់ រស់ក្នុងខ្ទមកម្សត់ម្នាក់ឯង នៅភូមិកង្កែប ឃុំច្រណូក ក្នុងស្រុកកំពង់លែង បានដើរសុំក្បាលកណ្តុរអ្នកភូមិមកទទួលជាម្ហូបអាហារ បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេស ប៊ុក បានរៀបរាប់ខ្សែជីវិតដ៏កម្សត់របស់ខ្លួន កាន់តែរំជួលចិត្ត ក្នុងអំឡុងពេលផ្តល់បទសម្ភាសដល់អង្គភាពសារព័ត៌មាន SBM News កាល់ពីថ្ងៃព្រហស្បតិ៍ទី២ ខែកញ្ញា ឆ្នាំ២០២១….។

លោកយាយអ៊ី ខន អាយុជាង៦០ឆ្នាំ(ចាំមិនច្បាស់) រស់នៅភូមិឃុំខាងលើ បានឱ្យដឹងថា លោកយាយ សង់ខ្ទមលើដីកេរឪពុកម្តាយដែលបានបន្សល់ទុកឱ្យ មុនពេលពួកគាត់ចែកឋានអស់កាលពីជាង២៥ឆ្នាំមុន។ ដោយរស់នៅតែម្នាក់ឯង ប៉ុន្តែលោកយាយមានប្អូនស្រីម្នាក់ បានរៀបការប្ដីរស់នៅឯចុងភូមិជាមួយក្រុមគ្រួសាររបស់ពួកគេ។ កន្លងមកប្អូនស្រីហៅឱ្យទៅរស់នៅជាមួយដែរ ប៉ុន្តែលោកយាយមិនព្រម ព្រោះស្រណោះដីកេរឪពុកម្តាយ ក៏ចេះតែរស់នៅម្នាក់ឯង ស៊ីអត់ស៊ីឃ្លាន តាមសម្មាអាជីវោរបស់ខ្លួន ដោយប្រកបរបរតែមួយមុខគត់គឺត្បាញកន្ទេលស្លឹកត្នោត ឬហៅម្យ៉ាងទៀតថា កន្ទេលទ្រនាប់ ដើម្បីលក់ចិញ្ចឹមជីវិត។

លោកយាយអ៊ី ខន រៀបរាប់បន្តថា ក្នុងកន្ទេលមួយដែលមានទំហំ២ម៉ែត្រx៤ម៉ែត្រ អាចលក់បានតម្លៃពី១ម៉ឺនរៀល ទៅ១ម៉ឺន៥ពាន់រៀល រីឯរយៈពេលនៃការតម្បាញ គឺប្រើពេលពី៤ថ្ងៃទៅមួយសប្តាហ៍ទើបរួចរាល់ ដែលជាហេតុនាំឱ្យប្រាក់កម្រៃទទួលបានពីការលក់កន្ទេលនេះ មិនមានតុល្យភាពជាមួយការចំណាយ ប្រចាំថ្ងៃឡើយ។ រាល់ថ្ងៃ លោកយាយបានទៅខ្ចីបុលអង្ករពីអ្នកភូមិជួញកន្ទេលស្លឹកត្នោតនេះ មកបរិភោគមុន រួចទើបត្បាញឱ្យគេជាក្រោយ។ ពេលអត់ម្ហូបបរិភោគជាមួយបាយ ដែលភាគច្រើនជាទឹកត្រី ទឹកស៊ីអ៊ីវនោះ លោកយាយបានទៅសុំក្បាលសត្វកណ្តុរ ដែលអ្នកភូមិទៅដាក់អន្ទាក់ឬដាក់ទ្រុងកណ្តុរបានពីព្រៃ ហើយជួយពន្លះស្បែកសម្អាតឱ្យគេ និងបានសុំយកក្បាលកណ្តុរពីអ្នកភូមិទាំងនោះមកធ្វើជាម្ហូបអាហារ និងមានម្ដងម្កាល លោកយាយអាចបានឆ្ងាញ់មាត់ដោយអ្នកភូមិផ្តល់សត្វកណ្តុរទាំងមូលតែម្ដង។

អ្នកស្រីអ៊ី ខាន់ អាយុ៤៥ឆ្នាំ ជាប្អូនស្រីបង្កើតរបស់លោកយាយអ៊ី ខនបានឱ្យដឹងថា កន្លងមកអ្នកស្រីតែងជួយផ្តល់អង្ករម្ហូបអាហារមួយចំនួនដល់បងស្រីដែរ ប៉ុន្តែដោយសារជីវភាពអ្នកស្រីខ្សត់ខ្សោយ ហើយមានកូនក្នុងបន្ទុកដល់ទៅ៨នាក់ផងនោះ អ្នកស្រីមិនមានលទ្ធភាពជួយផ្គត់ផ្គង់បងស្រីឱ្យបានគ្រប់គ្រាន់ឡើយ និងម៉្យាងវិញទៀត ផ្ទះអ្នកស្រី ក៏មានចម្ងាយឆ្ងាយពីផ្ទះបងស្រីផងដែរ។ អ្នកស្រីអ៊ី ខាន់បន្តថា កាលពីមុនលោកយាយអ៊ី ខនមានសុខភាពល្អ អាចនិយាយបានច្បាស់លាស់ មិនពិបាកដូចពេលនេះទេ ប៉ុន្តែកាលពីជាង១០ឆ្នាំមុន គាត់បានដេកសន្លប់ស្តូកស្តឹង១យប់១ថ្ងៃទើបដឹងខ្លួន។ លុះភ្ញាក់ឡើង លេកយាយអ៊ី ខនបែរជាបែបហ្នឹងតែម្ដងទៅ ឯគ្រូពេទ្យក៏មិនដឹងថា មានជំងឺអីឱ្យប្រាកដដែរ។

អ្នកស្រីជិន ង៉ុន អាយុ៣៥ឆ្នាំ ជាអ្នកក្បែរខាង បានឱ្យដឹងថា លោកយាយអ៊ី ខន ពិតជាកម្សត់ទុរគតពិតមែន គាត់គ្មានមុខរបរអ្វីផ្សេងក្រៅពីដើរកាប់ស្លឹកត្នោត យកមកត្បាញធ្វើជាកន្ទេលលក់ឱ្យអ្នកភូមិនោះឡើយ។ មានពេលខ្លះ គាត់ដាច់ស្បៀង បានដើរសុំអង្ករអ្នកភូមិ យកមកដាំបាយ ហូបជាមួយទឹកត្រី ឬពេលខ្លះគាត់ដើរសុំក្បាលកណ្តុរគេ យកមកស្ងោរជ្រក់ហូបក៏មានដែរ។ អ្នកស្រីជិន ង៉ុនបន្តថា ពេលខ្លះអ្នកស្រីមិនហ៊ានមើលម្ហូបគាត់ទេ ព្រោះមិនដែលធ្លាប់ហូបបែបនោះឡើយ បើយកកណ្តុរទៅប្រលាក់អាំង ឬឆាក្ដៅឆាគ្រឿងអីអាចទៅរួច តែបើយកមកស្ងោរជ្រក់បែបនេះ មិនកើតឡើយ។

ដោយឡែកលោកឆែម សុខន មេភូមិកង្កែប បានឱ្យដឹងថា រឿងលោកយាយទុរគត អ៊ី ខន សុំក្បាលក្បាលកណ្តុរអ្នកភូមិយកមកធ្វើជាម្ហូបនោះ គឺពិតប្រាកដណាស់ លោកបានឃើញផ្ទាល់ភ្នែកតែម្ដង។ លោកយាយអ៊ី ខន​ នេះជាមនុស្សទុរគតម្នាក់រស់នៅតែម្នាក់ឯងទេ បន្ទាន់ពីឪពុកម្តាយគាត់ស្លាប់ចោលអស់ទៅ កន្លងមកលោកធ្លាប់បានជួយឧបត្ថម្ភគាត់ខ្លះៗដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត