មេឃុំច្រណូកផ្ទុះកំហឹង ជាមួយមេភូមិកង្កែប ក្រោយផ្ទុះរឿងលោកយាយទុរគត ដើរសុំក្បាលកណ្តុរអ្នកភូមិ យកមកបរិភោគ
អាន ប៊ុនរ័ត្ននៈ
06 កញ្ញា 2021 08:08 AM

(ខេត្តកំពង់ឆ្នាំង)៖ រឿងរ៉ាវលោកយាយទុរគតដើរសុំក្បាលកណ្តុរអ្នកភូមិ យកមកបរិភោគ ធ្វើឱ្យមហាជនសម្តែងក្ដីអាណិតអាសូរជាពន់ពេក និងបានរិះគន់ដល់អាជ្ញាធរមូលដ្ឋាន ដែលមិនអើពើ ចំពោះជីវភាពខ្វះខាតរបស់ដូនចំណាស់រូបនោះពេញបណ្តាញសង្គមហ្វេសប៊ុក។ ជាមួយគ្នានោះ លោកមេឃុំច្រណូក បានផ្ទុះកំហឹងជាមួយលោកមេភូមិកង្កែប ដោយបដិសេធលើការ លើកឡើងទាំងអស់ របស់មេភូមិ ចំពោះការទទួលស្គាល់ថា មានលោកយាយទុរគតដើរសុំក្បាលកណ្តុរ ពីអ្នកភូមិយកមកបរិភោគនោះ….។

លោកឆែម សុខន មេភូមិកង្កែប បានឱ្យដឹងថា រឿងលោកយាយទុរគតឈ្មោះអ៊ី ខន ដែលបានយកក្បាលកណ្តុរមកទទួលទាននោះគឺពិតមែន ព្រោះគាត់ស្ដាយ ទើបគាត់សុំគេយកមកបរិភោគទៅ។ លោកបន្តថា ដោយសារលោកយាយអ៊ី ខន មានជីវភាពខ្វះខាត ទើបគាត់យកក្បាលកណ្តុរនោះមកស្ងោរជ្រក់ហូបជាមួយបាយ ជំនួសឱ្យមុខម្ហូបផ្សេងទៀត ដែលគាត់មិនមានលទ្ធភាពទិញ។ លោកមេភូមិកង្កែប រៀបរាប់បន្តថា កន្លងមក ដោយឃើញលោកយាយអត់ពេក លោកបានចេញបណ្ណជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកជំងឺកូវីដ-១៩ ទោះបីលោកយាយមិនមានជំងឺកូវីដក៏ដោយ ដើម្បីឱ្យលោកយាយអ៊ី ខននេះទទួលបានអំណោយនិងគេ និងបានស្នើសុំអង្ករពីថ្នាក់ដឹកនាំមួយចំនួនជូនគាត់ដែរ កាលពីពេលកន្លងមក។ ប៉ុន្តែលោកទទួលស្គាល់ថា ការជួយឧបត្ថម្ភនោះ ពិតជាមិនបានគ្រប់គ្រាន់នោះឡើយ រហូតមានពេលខ្លះ លោកបានឱ្យគាត់ទៅយកអង្ករ ឬម្ហូបពីផ្ទះលោកពេលលោកយាយខ្វះខាតខ្លាំង។ នៅថ្ងៃនោះដែរ លោកបានទៅឃើញផ្ទាល់ភ្នែក ជាមួយលោកគ្រូម្នាក់ឈ្មោះផល្លា មកពីភ្នំពេញ ក្នុងពេលដែលគាត់យកក្បាលកណ្តុរទៅស្ងោរជ្រក់ធ្វើជាម្ហូប អាហារ ដែលមើលទៅគួរឱ្យសង្វេគ និងខ្ពើមរអើមណាស់។

ដោយឡែកលោកឈុំ ឈៀង មេឃុំច្រណូក បានបដិសេធមិនទទួលយកការលើកឡើងរបស់មេភូមិកង្កែបនោះទេ ដោយលោកបញ្ជាក់ថា មូលដ្ឋានរបស់លោកគ្មានរណាម្នាក់ អត់ឃ្លានរហូតទៅយកក្បាលកណ្តុរមកបរិភោគនោះឡើយ ដូចនេះ ការលើកឡើងរបស់មេភូមិ គឺលោកទទួលយកមិនបានទេ។ លោកបន្តថា បើអត់មែន ហេតុអ្វីលោកមេភូមិមិនរាយការណ៍ដល់លោក? ខាងឃុំមានអង្ករច្រើនណាស់ រាប់តោនពេញស្នាក់ការ ទុកសម្រាប់ចែកជូន ជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះពីហេតុការណ៍ផ្សេងៗ ហេតុអ្វីបានជាមេភូមិមិនរាយការណ៍ឱ្យលោកបានដឹង? ប៉ុន្តែបើតាមដឹងឈ្មោះ អ៊ី ខន នេះមានការជួយឧបត្ថម្ភមកជាហូរហែទេ គឺមិនដឹងថា អ្នកណាទៅយកក្បាលកណ្តុរនោះមកថតដាក់ផ្សាយ ហើយចេះតែនិយាយផ្តេសផ្តាស់ គឺគ្មាននរណាម្នាក់យកក្បាលកណ្តុរមកបរិភោគទេ។ លោកមេឃុំបញ្ជាក់ម្ដងហើយម្ដងទៀតថា រឿងការលើកឡើងរបស់មេភូមិកង្កែបនេះ លោកបដិសេធមិនទទួលយកដាច់ខាត គឺគ្មានក្នុងមូលដ្ឋានលោកឡើយ គឺមានគេយកក្បាលកណ្តុរនោះមករៀបចំថត ទើបបង្កឱ្យមានករណីយល់ច្រឡំបែបនេះឡើង។

ទោះយ៉ាងណា ប្រជាពលរដ្ឋរស់នៅភូមិកង្កែប បានសម្តែងការហួសចិត្តចំពោះលោកមេឃុំច្រណូក ឈុំ ឈៀង ដែលមិនហ៊ានទទួលស្គាល់ការពិត ព្រោះតែខ្លាចខូចមុខមាត់របស់ខ្លួន ក្នុងនាមជាម៉ែឪរបស់ប្រជាពលរដ្ឋ បែរជាចោទប្រកាន់គេថា ដើររើសក្បាលកណ្តុរយកមកថតសម្តែងទៅវិញ ខណៈអ្នកភូមិកង្កែបអះអាងថា លោកយាយអ៊ី ខន ពិតជាទុរគតជន ដែលមានជីវភាពខ្វះខាតខ្លាំង ស៊ីអត់ស៊ីឃ្លាន កុំតែបានអ្នកភូមិជួយទំនុកបម្រុងខ្លះៗ មិនដឹងជាលោកយាយអាចរស់បានដល់ពេលនេះឬយ៉ាងណានោះទេ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត