
(ខេត្តកំពង់ឆ្នាំង)៖ លោកយាយទុរគតម្នាក់ឈ្មោះអ៊ី ខន រស់នៅភូមិកង្កែប ឃុំច្រណូក ក្នុងស្រុកកំពង់លែង បានដើរសុំក្បាលកណ្តុរអ្នកភូមិ យកមកធ្វើម្ហូបអាហារបរិភោគ ធ្វើឱ្យមហាជនមានការខ្លោចចិត្ត នឹកអាណិតដល់ដូនចាស់កម្សត់រូបនោះជាពន់ពេក។ ប៉ុន្តែ ក្រោយពីអង្គភាពសារព័ត៌មាន SBM News បានធ្វើការចុះផ្សាយដំណឹងនេះ ជូនថ្នាក់ដឹកនាំបានជ្រាប ដូនចាស់កម្សត់ ពេលនេះ ទទួលបានការជួយឧបត្ថម្ភពីកាកបាទក្រហមខេត្តកំពង់ឆ្នាំងហើយ ….។

លោក ចេង ចាន់ដូណា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហម ស្រុកកំពង់លែង រួមដំណើរដោយមន្ត្រីសាខា បានចុះសួរសុខទុក្ខដល់គ្រួសារទីទ័លក្រលំបាកគ្មានទីពឺងចំនួន ៣គ្រួសារ ដែលមាន២គ្រួសាររស់នៅភូមិកង្កែប ឃុំច្រណូក និង១គ្រួសារទៀតរស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុក-ខេត្តដូចគ្នា។ ក្នុងឱកាសនោះដែរ លោកចេង ចាន់ដូណា បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមអម សុភា ប្រធានគណៈកម្មការសាខា ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេសនោះគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែគិតគូរ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនប្រកាន់ពូជសាសន៍ ពណ៍សប្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ចំណែកអំណោយជូនលោកយាយទុរគត និងពីរគ្រួសារទៀតនោះរួមមាន៖ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម, មី១កេស , ត្រីខ១យួរ , ទឹកត្រី១យួរ , ទឹកសុីអុីវ ១យួរ , ឃីត១កញ្ចប់ (មុង១.ក្រមា១. ភួយ១.សារុង១) និងថវិកា ១៥០.០០០រៀល។ ជាមួយគ្នានោះ លោកចេង ចាន់ដូណា ក៏បានធ្វើការណែនាំឱ្យលោកយាយ ធ្វើអនាម័យជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត លាងដៃឱ្យបានញឹកញាប់និងសាប៊ូ ដើម្បីការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ ។

សូមរម្លឺកថា លោកយាយទុរគតឈ្មោះអ៊ី ខន ដែលបានយកក្បាលកណ្តុរ មកទទួលទាននោះ មានការទទួលស្គាល់ពីលោកមេភូមិកង្កែបថា ជាការពិតប្រាកដ ព្រោះលោកបានឃើញផ្ទាល់នឹងភ្នែក។ លោកមេភូមិបន្តថា ដោយសារលោកយាយអ៊ី ខន មានជីវភាពខ្វះខាត ទើបគាត់យកក្បាលកណ្តុរបានពីការសុំគេនោះ មកស្ងោរជ្រក់ ហូបជាមួយបាយ ជំនួសឱ្យមុខម្ហូបផ្សេងទៀត ដែលគាត់មិនមានលទ្ធភាពទិញ។ ប៉ុន្តែរឿងរ៉ាវខាងលើនេះ ត្រូវបានឈុំ ឈៀង មេឃុំច្រណូក បដិសេធ មិនទទួលយកការលើកឡើង របស់មេភូមិកង្កែបនោះឡើយ ដោយលោកបញ្ជាក់ថា មូលដ្ឋានរបស់លោកគ្មានរណាម្នាក់ អត់ឃ្លានរហូតថ្នាក់ ទៅយកក្បាលកណ្តុរ មកបរិភោគនោះទេ ដូចនេះ ការលើកឡើងរបស់មេភូមិ គឺលោកទទួលយកមិនបានទេ។ លោកមេឃុំបន្តថា បើអត់មែន ហេតុអ្វីលោកមេភូមិ មិនរាយការណ៍ដល់លោក? ខាងឃុំមានអង្ករច្រើនណាស់ រាប់តោនពេញស្នាក់ការ ទុកសម្រាប់ចែកជូន ជួយសង្គ្រោះដល់ពលរដ្ឋ ដែលរងគ្រោះពីហេតុការណ៍ផ្សេងៗ ហេតុអ្វីបានជាមេភូមិមិនរាយការណ៍ឱ្យលោកបានដឹង?







