តម្រូវការដឹកជញ្ជូនអ្នកដំណើរទូទាំងពិភពលោក ត្រូវបានព្យាករណ៍ថានឹងកើនឡើងបីដងនៅឆ្នាំ២០៥០
P
Pisey Sem
23 វិច្ឆិកា 2022 10:00 AM

(រាជធានីភ្នំពេញ)៖  កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១ នៅក្នុងតំបន់អាស៊ីរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ នាប្រទេសថៃ កាលថ្ងៃទី២២ ខែវិច្ឆិកា បានឱ្យដឹងថា ភាគីពាក់ព័ន្ធ កំពុងរួមគ្នាចែករំលែកគោលនយោបាយអាទិភាព ដើម្បីជំរុញវិស័យដឹកជញ្ជូនក្នុងតំបន់ ខណៈតម្រូវការដឹកជញ្ជូនអ្នកដំណើរទូទាំងពិភពលោក ត្រូវបានព្យាករណ៍ថានឹងកើនឡើងបីដងនៅឆ្នាំ២០៥០ខាងមុខនេះ។

បើតាមរយៈវេទិកាដឹកជញ្ជូនអន្តរជាតិកាលពីឆ្នាំ២០២១ (The ITF Transport Outlook 2021) បានព្យាករណ៍ថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខ ជាពិសេសនៅក្នុងតំបន់អាស៊ី ដែលវាឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ដែលមានភាពប្រសើរឡើង ហើយតម្រូវការដឹកជញ្ជូនអ្នកដំណើរទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនឡើងបីដងនៅឆ្នាំ២០៥០។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ថ្នាក់តំបន់លើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីកំណត់នូវឱកាស និងសកម្មភាពជាក់ស្តែងនៅក្នុងតំបន់អាស៊ី ដែលនឹងនាំទៅដល់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ភាពធន់និងបរិយាប័ន្ន។

ក្រៅពីនេះ ឯកឧត្តមបន្តថា៖ «កិច្ចប្រជុំផ្តោតសំខាន់លើការចែករំលែកគោលនយោបាយអាទិភាព ចំណេះដឹងការអនុវត្តល្អៗ ដែលគ្របដណ្ដប់លើប្រធានបទពាក់ព័ន្ធខ្ពស់សម្រាប់តំបន់ រួមមានដូចជា៖ ការតភ្ជាប់វិស័យដឹកជញ្ជូន ការដឹកជញ្ជូនប្រកបដោយបរិយាប័ន្ន សុវត្ថិភាពនៃការដឹកជញ្ជូន(ការដឹកជញ្ជូនដែលបំភាយឧស្ម័នកាបូនទាប) និងការធ្វើទំនើបកម្មឌីជីផលលើវិស័យដឹកជញ្ជូន»។

ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា គឺកាន់តែមានសារសំខាន់ថែមទៀតសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៃប្រទេសនានានៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានា គឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ និងជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ក៏ដូចជារឹតបណ្តឹងបរិយាប័ន្នសង្គមផងដែរ។

គួរបញ្ជាក់ថា បើតាមលទ្ធផលនៃការពិភាក្សាក្នុងកិច្ចប្រជុំវេទិកាដឹកជញ្ជូនអន្តរជាតិនាឆ្នាំនេះវិញ នឹងត្រូវបានយកទៅអនុវត្ត ដើម្បីបន្តទៅកាន់កិច្ចប្រជុំកំពូលរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) នាឆ្នាំ២០២៣ខាងមុខ ដែលជាសម័យប្រជុំលើកទី៧ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ (UN-ESCAP) ស្តីពីការដឹកជញ្ជូន និងព្រឹត្តិការណ៍ដឹកជញ្ជូនសកល និងក្នុងតំបន់ផ្សេងទៀតក្នុងឆ្នាំ២០២២ និង២០២៣។ បច្ចុប្បន្ននេះវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) មានប្រទេសសមាជិកចំនួនប្រាំបីនៅអាស៊ី ហើយស្វែងរកការបន្តពង្រីកវិសាលភាពការងារ និងវត្តមានរបស់ខ្លួននៅក្នុងតំបន់បន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត