ទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២៖ ជំងឺទឹកនោមផ្អែមជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជាយើង និងពិភពលោក
SBM News
18 វិច្ឆិកា 2022 08:00 AM

បាត់ដំបង៖ ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃមួយ ដែលជាបន្ទុកដ៏ធ្ងន់ដល់ប្រទេសកម្ពុជាយើង និងពិភពលោកទាំងមូល ដោយមានអត្រាមរណភាព គឺ២% នៃការស្លាប់ដោយជំងឺមិនឆ្លង។ នេះជាការអះអាងរបស់អភិបាលខេត្តបាត់ដំបង ឯកឧត្ដម​សុខ លូ ក្នុងទិវាទឹកនោមផ្អែមពិភពលោក១៤ វិច្ឆិកា ២០២២ ដែលប្រារព្វឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានបទនៃទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២នេះគឺ "យើងរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែម តាមរយៈការផ្លាស់ប្ដូររបៀបរស់នៅ”។ គោលបំណងចម្បងនៃយុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោកឆ្នាំ២០២២នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមមកលើគ្រួសារ ការលើកកម្ពស់ការអប់រំ ការការពារ ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំរុញពិភពលោករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលជាបញ្ហាសុខភាពសកលដ៏សំខាន់មួយ។

ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមបណ្តាលមកពីកត្តាហានិភ័យចំនួន៤គឺ៖ របបអាហារគ្មានសុខុមាលភាព កង្វះកាយវប្បកម្ម គឺលំហាត់ប្រាណ ការប្រើប្រាស់ថ្នាំជក់ និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានឱ្យដឹងទៀតថា ជំងឺទឹកនោមផ្អែមមាន៣ប្រភេទ គឺ ១.ជំងឺទឹកនោមផ្អែមប្រភេទទី១ កើតឡើងចំពោះកុមារ និងមនុស្សវ័យជំទង់អាយុក្រោម៣០ឆ្នាំ (ការព្យាបាលត្រូវចាក់អាំងស៊ុយលីន) ២.ជំងឺទឹកនោមផ្អែមប្រភេទទី ២ កើតឡើងចំពោះមនុស្សពេញវ័យអាយុ៣០ឆ្នាំឡើង (អាចបង្ការបាន និងការព្យាបាលដោយប្រើប្រាស់ថ្នាំលេប) និងទី៣.ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ កើតឡើងចំពោះស្ត្រីមានអាយុគភ៌ ២៤ ទៅ២៨សប្តាហ៍ (អាចជាទៅវិញក្រោយពេលសម្រាលកូន ប៉ុន្តែ១០ទៅ១៥ឆ្នាំក្រោយអាច មានហានិភ័យជំងឺទឹកនោមផ្អែម)។ ផលវិបាកនៃជំងឺទឹកនោមផ្អែមគឺ ធ្វើឱ្យខូចបេះដូង ភ្នែក តម្រងនោម ដំបៅជើង និងអាចរហូតដល់កាត់ជើង។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា ការព្យាបាលជំងឺទឹកនោមផ្អែមគឺត្រូវព្យាបាលអស់មួយជីវិត ហើយជំងឺទឹកនោមផ្អែមអាចការពារបានតាមរយៈការបរិភោគអាហារប្រកបដោយសុខភាព បានត្រឹមត្រូវ និងទៀងទាត់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត