
(គុនខ្មែរ)៖ ប្រសិនបើមិនមានការប្រែប្រួលទេ អ្នកលេងពូថៅដៃ ធឿន ធារ៉ា នឹងត្រូវឡើងទៅតតាំងជាមួយកីឡាករជើងខ្លាំង៣រូបផ្សេងទៀត មកពីអឺរ៉ុបពីររូប និងកីឡាករថៃ សៃយុគ នៅសង្វៀន ថៃហ្វៃស៍ នាថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រជែងឡើងទៅប្រកួតដណ្តើមខ្សែរក្រវាត់ រួមជាមួយពានរង្វាន់ខ្នាត់ធំប្រចាំសង្វៀននេះ ខណៈលោកគ្រូ អេ ភូថង រំពឹងខ្ពស់លើ ធឿន ធារ៉ា ថាអាចយកខ្សែក្រវាត់នៅសង្វៀន ថៃហ្វៃស៍បានមិនខាន...។

លោក អេ ភូថង ដែលជាគ្រូបង្ហាត់ផ្ទាល់របស់ កីឡាករ ធឿន ធារ៉ា បានបង្ហោះវីដេអូមួយនៅក្នុងទំព័រហ្វេសបុកក្លឹបរបស់លោកថា លោកជឿជាក់លើកូនសិស្ស គឺអាចនឹងធ្វើបានល្អនៅក្នុងការប្រកួតដ៏សំខាន់មួយនេះ។ លោក អេ ភូថង បានបញ្ចាក់យ៉ាងដូច្នេះថា៖ «ទៅលើកនេះ មិនមែនទៅកំដរគេទេ គឺទៅវ៉ៃតែម្ដង វ៉ៃឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមខ្សែក្រវាត់ នឹងពានរង្វាន់ខ្នាតធំមួយរបស់ថៃហ្វៃស៍»។

លោកគ្រូ អេ ភូថង បន្ថែមថា ដោយសារការប្រកួតនេះ ជាការប្រកួតចាប់គូ អ៊ីចឹង..ខ្ញុំចង់ឱ្យធារ៉ា ប៉ះសៃយុគមុន ព្រោះដល់ពេលដែលយើងប៉ះសៃយុគមុន យើងត្រៀមលក្ខណៈ ទៅហើយអត់ទាន់ឈឺ អាហ្នឹងវៃគ្នាល្អ១០០ភាគរយតែម្ដង ឯធារ៉ាក៏មិនមែនកីឡាថយវ៉ៃដែរ ខ្ញុំថាពីណាភ្លាត់ស្នៀតមុន ដឹងចាញ់ហើយ។
ជាមួយគ្នានេះ លោក អេ ភូថង បានលើកពីចំណុចខ្សោយរបស់ កីឡាករ ធឿន ធារ៉ា ផងដែរ ប៉ុន្តែលោកកំពុងពង្រឹងបន្ថែមទៀត ព្រោះកីឡាករដែលត្រូវប្រកួតនៅសង្វៀន ថៃហ្វៃស៍ទាំងអស់ គេយកតែកីឡាករល្អមកប៉ុណ្ណោះ ចឹងយើងត្រូវពង្រឹងសមត្ថភាពបន្ថែមដល់គាត់។ លោក អេ ភូថង បញ្ជាក់ថា៖ « ធារ៉ា..គាត់ហ្វឹកហាត់បាន២សប្តាហ៍ពេញ ចឹងការត្រៀមខ្លួន គឺគ្រប់គ្រាន់ហើយ នៅឡើយតែពេលប្រកួត គាត់មានឆន្ទៈប្រកួតឬអត់ ប៉ុន្តែ ធារ៉ា ជាកីឡាករដើរចូលវាយ» ដូច្នេះដឹងតែល្អមើលមិនខាន។

សូមបញ្ជាក់ផងដែរថា កីឡាករ ធឿន ធារ៉ា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ នឹងចេញដំណើរទៅប្រទេសថៃ ដើម្បីត្រៀមការប្រកួតនៅ ថៃហ្វៃស៍ [Thai Fight ] នាថ្ងៃទី២០ ខែវិច្ឆិកា។ កីឡាករ ធឿន ធារ៉ា ត្រូវឡើងទៅតតាំងនឹងកីឡាករថៃ នឹងកីឡាករបរទេស២រូបផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ ហើយបើ ធឿន ធារ៉ា ឈ្នះនៅជំទី១ រូបគេនឹងមានឱកាសឡើងទៅប្រកួតបន្ត ដើម្បីដណ្តើមខ្សែរក្រវាត់ តែបើចាញ់ គឺធ្លាក់ត្រឹមវគ្គដំបូងនេះ។ ដូច្នេះ យើងរង់ចាំមើលថា អ្នកលេងពូថៅដៃរបស់គុនខ្មែរ អាចយកឈ្នះជើងខ្លាំងមកពីបរទេស រួមទាំងកីឡាករម្ចាស់ផ្ទះបាន ឬយ៉ាងណា ខណៈគ្រូបង្វឹក បានបង្ហាញជំនឿចិត្ត ថាអាចនឹងឡើងទៅវគ្គបន្តដណ្តើមយកខ្សែក្រវាត់...៕


