
(រាជធានីភ្នំពេញ)៖ លោកអេ ភូថង បានអះអាងថា កូនប្រុសទីពីររបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់វត្តមានលើកដំបូងនៅព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរកម្រិតអន្តរជាតិ នៅទីក្រុងបាងកក នាថ្ងៃទី១៩ ខែសីហាខាងមុននេះ...។

ថ្លែងប្រាប់ SBM News ផ្ទាល់នៅក្លឹបប្រដាល់ លោកអេ ភូថង បានថ្លែងថា មុនព្រឹត្តិការណ៍មកដល់ រូបគាត់ដែលជាឪពុកបង្កើត និងជាគ្រូបង្វឹករបស់ក្លឹបអេភូថងកីឡា បានបង្វឹកកីឡាករ អេ អាំម៉ារីនភូថង ដែលជាបេក្ខភាពចេញទៅប្រកួតនៅប្រទេសថៃ លើកម្លាំងស៊ូហ្វ បច្ចេកទេស ជាពិសេស គឺក្បាច់សម្លាប់ដៃគូប្រកួត ខណៈកូនប្រុសទីពីររបស់លោកបានផ្តួលជើងខ្លាំងបរទេសនៅលើសង្វៀនគុនខ្មែរតាមបណ្តាស្ថានីយ៍ជាច្រើនរួចមកហើយ។ ការចេញទៅប្រកូតនៅក្រៅប្រទេសលើកនេះ គឺដើម្បីផ្សព្វផ្សាយពីគុនខ្មែរ លើឆាកអន្តរជាតិ។ លោកថា បច្ចុប្បន្ន ការហ្វឹកហាត់របស់ អេ អាំម៉ារិនភូថង ខ្លាំងមែនទែន ទាំងសុខភាព ទាំងកម្លាំង ទាំងក្បាច់បច្ចេកទេស ហើយអ្វីដែលសំខាន់ គឺត្រូវពង្រឹងកម្លាំងចិត្ត ព្រោះវាជាលើកដំបូងដែល អេ អាំម៉ារីនភូថង ចេញទៅប្រកួតនៅក្រៅប្រទេស។
លោកបន្ថែមថា ទោះបីមិនធ្លាប់ស្គាល់ មិនធ្លាប់ឮពីដៃគូរបស់កូនសិស្សក៏ពិតមែន ប៉ុន្តែលោកបានមើលបច្ចេកទេសរបស់ដៃគូកូនប្រុសតាមរយៈ យូធូប ខ្លះៗដែរ ដើម្បីដកស្រង់បច្ចេកទេស យកទៅពង្រឹងសមត្ថភាពដល់កូនបន្ថែមទៀត ព្រោះកម្មវិធីនោះ កីឡាករខ្មែរមិនងាយមានឱកាស បានចូលរួមប្រកួតឡើយ ព្រោះជាកម្មវិធីកម្រិតអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកក៏ជំរុញឱ្យ អេ អាំម៉ារីនភូថង ពង្រឹងសមត្ថភាពផ្លូវចិត្តឲ្យបានខ្លាំងបន្ថែមទៀត ព្រោះធ្លាប់វ៉ៃនៅខ្មែរខុសពីវ៉ៃនៅប្រទេសគេ ដែលមានអ្នកគាំទ្រលើកទឹកចិត្តច្រើន។

ដោយឡែក កីឡាករអេ អាំម៉ារីនភូថង ដែលត្រៀមខ្លួនចេញទៅប្រកួតនៅប្រទេសថៃ នាថ្ងៃទី១៩ ខែសីហា បានឱ្យដឹងថា រូបគេបានត្រៀមខ្លួនរួចជាស្រេច ពេលដែលដឹងថា មានខ្លួនឈ្មោះប្រកួតនៅក្នុងព្រឹត្តិការណ៍មួយនេះ។ អេ អាំម៉ារីនភូថងបញ្ជាក់ថា « ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច និងពេញលេញ។ ទោះបីមិនធ្លាប់ស្គាល់ដៃគូ ប៉ុន្តែខ្ញុំបានពង្រឹងកម្លាំងស៊ូហ្វ បច្ចេកទេស ក្បាច់សម្រាប់ទប់ទល់ជាមួយដៃគូរួចហើយ»។ ជាមួយគ្នានេះ កីឡាករអេ អាំម៉ារីនភូថង បានប្តេជ្ញាធ្វើឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យគេស្គាល់ពីគុនខ្មែរ។ សូមបញ្ជាក់ថា អេ អាំម៉ារិនភូថង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ មង្ឃុនថង ឆាំងស៊ីសាកេត នៅសង្វៀនផេតយីនឌី នៅថ្ងៃទី១៩ ខែសីហា ដោយអ្នកទាំងពីរត្រូវប្រកួតលក្ខណៈ៥ទឹកក្នុងតំណែងជាគួរឯករងនៃកម្មវិធី...៕



