
(រាជធានីភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងជប៉ុន ដើម្បីជំរុញការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា កំលុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើទៅកាន់ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តមបណ្ឌិត ម៉ូរី ម៉ាសាហ្វូម៉ី ឱ្យជួយងាកមកបោះទុនវិនិយោគ លើការសាងសង់ស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជា...។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ដើម្បីកាត់បន្ថយការបញ្ចេញការបូនឌីអុកស៊ីត
ប្រទេសកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនី (EV)។ ដើម្បីជំរុញការប្រើប្រាស់យានយន្ត ដើរដោយថាមពលអគ្គិសនីនេះ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានកាត់បន្ថយពន្ធនាំចូលមកត្រឹមតែប្រមាណជាង៦០ភាគរយប៉ុណ្ណោះ នៃតម្លៃយានយន្តអគ្គិសនី។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីជប៉ុន ជួយជំរុញឱ្យមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើការសាងសង់ស្ថានីយបញ្ចូលអគ្គីសនីនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ម៉ូរី ម៉ាសាហ្វូម៉ី បានបញ្ជាក់ថា ជប៉ុន នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អក្នុងភាពជាដៃគូ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជា មានស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន៧កន្លែង ដែលក្នុងនោះ មាននៅខេត្តព្រះសីហនុ ១កន្លែង ខេត្តបាត់ដំបង ១កន្លែង ខេត្តសៀមរាប ១កន្លែង និងនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៤កន្លែងផងដែរ។

បច្ចុប្បន្ន ក្រសួងសាធារណការ កំពុងសហការជាមួយនឹងអង្គការ UNDP ដើម្បីដំឡើងស្ថានីយសាកថ្មយានយន្ដអគ្គិសនី ចំនួន៥ទីតាំង ដោយក្នុងនោះមួយទីតាំង ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និង៤ទីតាំងទៀតនៅតាមបណ្ដាខេត្ត។ បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានអះអាងទៀតថា កម្ពុជាគ្រោងនឹងដំឡើងស្ថានីយសាកថ្មយានយន្ដអគ្គិសនីនេះ ឱ្យបានលើស១៥ទីតាំងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដោយក្នុងនោះ ក៏មានការសហការជាមួយវិស័យឯកជនផងដែរ៕



