
(បាល់ទាត់)៖ ក្រោយពីការចាកចេញរបស់អតីតគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Sir Alex Ferguson កាលពីឆ្នាំ២០១៣ ក្លឹបយក្សអង់គ្លេសមួយនេះ ហាក់ធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ក្លឹបល្បីឈ្មោះនៅអង់គ្លេសមួយនេះ បានរបូតពានរង្វាន់ធំៗដូចជា English Premier League និង UEFA Champions League អស់ជាច្រើនឆ្នាំ...។

ទន្ទឹងនឹងនោះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបទសម្ភាសជាមួយលោក Piers Morgan នៃទូរទស្សន៍ TalkTV កីទ្បាករ Cristiano Ronaldo បានបង្ហើបឱ្យដឹងថា៖ «ការអភិវឌ្ឍ គឺស្មើសូន្យនៅទីនេះ (Man Utd) ក្រោយពីការចាកចេញរបស់អតីតគ្រូបង្វឹករបស់ក្រុមបិសាចក្រហម លោក Sir Alex Ferguson កាលពីឆ្នាំ ២០១៣»។ បន្ថែមលើសនេះ កីទ្បាករ Cristiano Ronaldo ថា៖ «គ្មានអ្វីផ្លាស់ប្ដូរទ្បើយ ចាប់តាំងពី Sir Alex ចាកចេញ។ ហើយពេលខ្ញុំ សម្រេចចិត្តមកកាន់ Manchester United វិញ គឺខ្ញុំធ្វើតាមបេះដូងរបស់ខ្លួនឯង..»។ ជាមួយគ្នានោះ Sir Alex Ferguson ប្រាប់ខ្ញុំថា៖ វាហាក់បីជាមិនអាចទៅរួចទេ ដែលឯង (Ronaldo) ចូលរួមជាមួយនឹង Manchester United...។ ហើយខ្ញុំក៏និយាយវិញថា Ok Boss..!។

គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson បានធ្វើឱ្យយក្សអង់គ្លេសមួយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង និងបានឈ្នះពានរង្វាន់ English Premier League ចំនួន១៣លើក និងUEFA Champions League ចំនួន២លើកផងដែរ។ លោក Sir Alex Ferguson បានដឹកនាំក្រុមបិសាចក្រហម Manchester United ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១៣ ពោលគឺមានរយៈពេល ២៧ឆ្នាំ៕



