
(រាជធានីភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។ ការលើកឡើងនេះ ត្រូវបានបង្ហាញក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ច របស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២...។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ផ្លូវ ព្រមទាំងពិធីប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិននេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងដែរថា ប្រទេសចិន ជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។ តាមរយៈការវិនិយោគកន្លងមក ជាពិសេស ការវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះ គឺពិតជារួមចំណែកដ៏សំខាន់ជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវល្បឿនលឿននេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០១៩ ក្រោមការវវិនិយោគ ២ពាន់លានដុល្លារ របស់ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) ក្នុងលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ រយៈពេល៥០ឆ្នាំ។ ផ្លូវនេះ ក៏ត្រូវបានបើកឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើររយៈពេល១ខែ គឺចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនផ្លូវល្បឿនលឿន បានចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅហើយ។ ប៉ុន្តែ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០ភាគរយ ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ផងដែរ៕






