
ឧត្តមសេនីយកំពូលរបស់អាម៉េរិកបានប៉ាន់ប្រមាណថា កងទាហានរបស់រុស្ស៊ីប្រមាណ ១០០០០០ នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបន្ថែមថា តួរលេខនៃការស្លាប់ និងរបួសរបស់កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងកៀវ ប្រហែលជាស្រដៀងគ្នាទៅនឹងទាហានរបស់ទីក្រុងមូស្គូដែរ។
ការកត់សម្គាល់របស់លោកឧត្តមសេនីយ៍ Mark Milley បានផ្តល់នូវការប៉ាន់ប្រមាណខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក អំពីចំនួនអ្នកស្លាប់ និងរបួសរហូតមកដល់បច្ចុប្បន្ន នៅក្នុងជម្លោះជិតប្រាំបួនខែនេះ។ ការប៉ាន់ប្រមាណនេះ បានកើតឡើងនៅពេលដែលអ៊ុយក្រែន និងរុស្ស៊ីប្រឈមមុខនឹងការប្រយុទ្ធគ្នាក្នុងរដូវរងា ដែលអ្នកជំនាញលើកឡើងថា អាចផ្តល់ឱកាសសម្រាប់ការចរចាសន្តិភាពមួយចំនួន។

ទាក់ទិននឹងវិស័យការទូតនៅអ៊ុយក្រែន លោក Milley បានកត់សម្គាល់ថា ការបដិសេធកិច្ចចរចាក្នុងសង្គ្រាមលើកទីមួយ បានធ្វើឱ្យមនុស្សរងទុក្ខវេទនា និងនាំឱ្យមានជនរងគ្រោះរាប់លាននាក់បន្ថែមទៀត ជាហេតុដែលនាំឱ្យលោកបានប្រាប់ក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កថា ភាគីទាំងអស់នៃសង្គ្រាមនេះ គួរតែចាប់យកឱកាសក្នុងការចរចា ដើម្បីសម្រេចបាននូវសន្តិភាព។
លើសពីនេះ លោក Milley បានអះអាងថា ជម្លោះនេះបានបង្កើនចំនួនជនភៀសខ្លួនអ៊ុយក្រែនពី ១៥ លាននាក់ទៅដល់ ៣០ លាននាក់ និងបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនប្រហែល ៤ ម៉ឺននាក់។
ទោះបីជាចំនួនអ្នកស្លាប់មានច្រើនក៏ដោយ មន្ត្រីអាមេរិកបានអះអាងថា ទីក្រុងមូស្គូមិនអាចសម្រេចបាននូវគោលបំណងរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយបានចោទជាសំណួរអំពីរយៈពេលដែលរុស្ស៊ីនឹងអាចនឹងបន្តការលុកលុយ ដែលបានបំផ្លាញសព្វាវុធ និងឃ្លាំងស្តុកកាំភ្លើងធំជាច្រើនផងដែរ៕




