
(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងគ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ DIP ជាផ្លូវការ នាថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីងាយស្រួលគ្រប់គ្រងលើចំណូលចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ...។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា «អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បាននឹងកំពុងជំរុញការសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន និងគ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុជាដៃគូ ក្នុងការបំពាក់បច្ចេកវិទ្យា DIP សម្រាប់ការគ្រប់គ្រង និងប្រមូលចំណូលចេញ-ចូល ប្រើប្រាស់ផ្លូវល្បឿនលឿន ដែលធានាភាពលឿនរហ័ស ងាយស្រួល សុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ផ្លូវ និងធានាការធ្វើអាជីវកម្មក្រុមហ៊ុន កាន់តែមានប្រសិទ្ធភាព និងតម្លាភាពសម្រាប់សង្គមជាតិ ជាពិសេស ធានាការប្រមូលចំណូលថវិកាជាតិ កាន់តែមានភាពប្រសើរឡើង»។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទ ប្រើប្រាស់សម្ភារឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវឱ្យមានប្រសិទ្ធភាព និងថែទាំឱ្យបានល្អ អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា ការចំណាយលើការទិញឧបករណ៍ទាំងនោះ ជាការចំណាយថវិកាជាតិ។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះ ត្រូវបានបើកឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើររយៈពេល១ខែពេញ ពោលគឺចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ។ រយៈពេលមួយខែ នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺមានយានយន្តចំនួនជិត៤៤ម៉ឺនគ្រឿង បានឱ្យធ្វើចរាចរណ៍លើផ្លូវនេះ។
ដោយឡែក ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅហើយ។ ប៉ុន្តែ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន២០ភាគរយ ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

យ៉ាងណា តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា DIP នេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអាច បញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមរយៈផ្លាកលេខ និងជួយសម្រួលឱ្យការចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស កាត់បន្ថយការកកស្ទះ បង្ការពីជំងឺកូវីដ១៩ ព្រមទាំងបញ្ជៀសការប្រើកាតចេញចូលដែលប្រឈមការបាត់បង់ផងដែរ ឬផាកពិន័យផ្សេងៗផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ស៊ុន ចាន់ថុល៕






