ឡៅ ចិត្រា៖ ការប្រកួតជាមួយសេក សាន់លើកនេះ នឹងប្រកួតឱ្យអស់ពីសមត្ថភាព
R
Rorn Phork
02 វិច្ឆិកា 2022 02:00 PM

(គុនខ្មែរ)៖ អ្នកប្រដាល់ ដែលមានកាយសម្បទាល្អ ឡៅ ចិត្រា បានវិលចូលសង្វៀនប្រដាល់ជាថ្មី និងត្រូវ​ប៉ះ​ដៃគូចាស់ សេកសាន់ ខណៈរូបគេប្តេជ្ញាចិត្ត មិនឱ្យអ្នកគាំទ្រខកបំណងនោះទេ ពោលគឺនឹងធ្វើឱ្យកក្រើកសង្វៀន សម្រាប់ការប្រកួតក្នុងកម្មវិធី[គុនខ្មែរអលស្តារ] វគ្គ៥នេះ ដើម្បីស្តារយកកេរ្តិ៍ឈ្មោះមកវិញ​...។

ឡៅ ចិត្រា នឹងត្រូវប៉ះ សេកសាន់ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងកម្មវិធី គុនខ្មែរអលស្តារវគ្គ៥ មុនការប៉ះគ្នា អ្នកតាមដាន គុនខ្មែរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ថាតើរូបគេអាចនឹងឈ្នះកីឡាករថៃ ខាងលើឬយ៉ាងណា ក្រោយមក សេកសាន់ បានបោះពាក្យសម្ដីមួយចំនួនមកកាន់ ឡៅ ចិត្រា ថា « ប៉ះគ្នាលើកនេះកុំថយដូចលើកមុនអីណា»? ស្របពេល ប៉ុន្មានប្រកួតចុងក្រោយរបស់គេ ហាក់ធ្លាក់ចុះ មិនដូច​ការប្រកួតប៉ុន្មានឆ្នាំមុន។

ថ្លែងប្រាប់ក្រុមការងារ SBM News នៅជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ​ អ្នកលេងគុនខ្មែរ ឡៅ ចិត្រា បានឱ្យដឹងថា រហូតមកដល់ពេលនេះ រូបគេកំពុងយកចិត្តទុកដាក់ហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីធ្វើឱ្យ សេកសាន់ ដឹងខ្លួនថា ការប៉ះលើកនេះ មិនដូចការប៉ះលើកមុន។ «សម្រាប់ជំនូបនេះ ខ្ញុំបានត្រៀមខ្លួនជិតមួយខែចំពោះចំណុចខ្លាំងរបស់សេក សាន់ គឺគាត់ស្វិត និងខ្លាំងបុក តែប៉ុណ្ណឹង ប៉ុន្តែការប្រកួតលើកនេះ ខ្ញុំហ្វឹកហាត់បានពេញលេញបរិបូរណ៍ល្អណាស់។ ខ្ញុំពង្រឹងស៊ុហ្វ ល្បឿន និងទម្ងន់»។ កីឡាករក្រុមជម្រើសជាតិរូបនេះ បន្ថែមថា «មកដល់ពេលនេះ ខ្ញុំហាត់ពេញល្អណាស់ ចាំមើលដឹងតែកក្រើកហើយ។ ខ្ញុំនឹងធ្វើឱ្យល្អក្នុងការប្រកួតមួយនេះ ​ដើម្បីគុនខ្មែរ ក្រោយធ្វើមិនសូវបានល្អមួយរយៈពេលចុងក្រោយនេះ​។ ការប្រកួតហ្នឹង ខ្ញុំមិនធ្វើឱ្យមហាជនខកចិត្តនោះទេ នឹងធ្វើឱ្យកក្រើកសង្វៀនជាក់ជាមិនខាន សម្រាប់ការប្រកួតនេះ ខ្ញុំនឹងប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីយក​កេរ្តិ៍ឈ្មោះរបស់ខ្ញុំមកវិញ​»។ 

គួររម្លឹកថា កាលពីពេលកន្លងមក សេកសាន់ បានបោះពាក្យសម្ដីមួយចំនួនមកកាន់អ្នកលេងកណ្ដាប់ដៃកម្ពុជា ឡៅ ចិត្រា ថា «អាប្អូនប៉ះគ្នាលើកនេះ កុំថយដូចលើកមុនអីណា»។ ក្រោយមកជើងខ្លាំងរបស់កម្ពុជា ក៏បានតបវិញភ្លាមថា «មិនអីទេបងដាក់ឱ្យខ្លាំងៗមក»។ ពាក្យសម្ដីនៃការឌឺដងគ្នានោះ បានធ្វើឱ្យមហាជនកំពុងទន្ទឹងរង់ចាំទស្សនាជំនួបនេះ ថាតើជក់ចិត្តកម្រិតណានោះ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត