សម្តេចក្រឡាហោម៖ កិច្ចប្រជុំកំពូលអាស៊ាន គឺជាការនាំមាសពេជ្រ និងប្រាក់មកឱ្យប្រជាជនកម្ពុជា
R
Rorn Phork
02 វិច្ឆិកា 2022 03:00 PM

ខេត្តបាត់ដំបង៖ ខណៈការប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងរៀបចំចាប់ពីសប្តាហ៍ក្រោយតទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាន គឺជាការនាំមាស នាំពេជ្រ និងនាំប្រាក់​មក​ឱ្យប្រជាជនកម្ពុជាគ្រប់ៗរូប...។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ នាថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ចាប់ពីសប្តាហ៍ក្រោយត​ទៅ កម្ពុជា​នឹងរៀបចំកិច្ច​ប្រ​ជុំកំ​ពូលអាស៊ាន គឺជាសមាគមបណ្តាប្រទេសអាស៊ីប៉ែកអាគ្នេយ៍​ ដែលមាន១០ប្រទេស ជាសមាជិក ហើយកម្ពុជា​ធ្វើជាប្រធា​ន​ប្តូរ​វេន ដោយមានការចូលរួមពីថ្នាក់ដឹកនាំពិភពលោក ដែលជាដៃគូអាស៊ាន ដូចជាសហរដ្ឋអាម៉េរិក ចិន ជប៉ុន កូរ៉េ អូស្ត្រា​លី​ ញ៉ូហ្សឺឡែន រុស្ស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប។

សម្តេចក្រឡាហោម បានចាត់ទុកការប្រជុំកំពូលអាស៊ាននេះ គឺជាព្រឹត្តិការណ៍ធំសម្រាប់ប្រទេសកម្ពុជា បើសិនជាប្រទេស​យើងនៅមានសង្រ្គាម ប្រទេសអស្ថិរភាព មានភេរវកម្ម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមិនល្អ គឺគេមិនមកនោះទេ។ សម្តេច ស ខេង បន្ថែមថា ការណ៍ដែលប្រតិភូជាថ្នាក់ដឹកនាំពិភពលោកមកយ៉ាងដូច្នេះ ប្រៀបបាននឹងការនាំមាស នាំពេជ្រ នាំប្រាក់យកមកឱ្យប្រជាពលរដ្ឋយើង មានន័យថា មិនមែននាំមកឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឬថ្នាក់ដឹកនាំ​ជាតិសំ​ខាន់ៗ​ប៉ុន្មាននាក់នោះទេ ក្នុងន័យនេះ យើងត្រូវចូលរួមស្វាគមន៍ភ្ញៀវ ដែលបានមកកម្ពុជា បើទោះបីជាភ្ញៀវមិ​នបានមក​កាន់​ខេត្ត​បាត់ដំបងយ៉ាងណាក៏ដោយ តែក្នុងឋានៈជាប្រជាជនកម្ពុជា យើងត្រូវប្រកាន់យកឥរិយាបថថ្លៃថ្នូរ ប្រកបដោយការ​ទទួ​ល​ស្វាគមន៍ ភាពរាក់ទាក់ចំពោះភ្ញៀវ ដោយមិនធ្វើអ្វីដែលនាំឱ្យគ្មានសណ្តាប់ធ្នាប់នោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត