រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវពលរដ្ឋរាយការណ៍ បញ្ហាពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសពីមុខសញ្ញាអ្នកជួញដូរ និងចែកចាយគ្រឿងញៀន
SBM News
24 មេសា 2022 01:00 PM

ខេត្តព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មាន ឬរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន អំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ជាពិសេសព័ត៌មានពីមុខសញ្ញាអ្នកជួញដូរ និងចែកចាយគ្រឿងញៀន។ សម្ដេចក្រឡាហោម ស ខេង អំពាវនាវបែបនេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម គូសបញ្ជាក់ដូច្នេះថា៖ «ដើម្បីសេចក្តីសុខទាំងអស់គ្នា យ៉ាងហោចណាស់ បងប្អូនប្រជាពលរដ្ឋ ចូលរួមផ្តល់ជាព័ត៌មាន ពីមុខសញ្ញាអ្នកជួញដូរ និងចែកចាយគ្រឿងញៀនដែរ»។ សម្តេចបន្ថែមថា បន្ទាប់ពីមានការចូលរួមពីកម្លាំងសមត្ថកិច្ចហើយនោះ យើងក៏ត្រូវការការចូលរួមផងដែរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីសេចក្តីសុខទាំងអស់គ្នា។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានជំរុញឱ្យអាជ្ញាធរបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងចៀសវាងការបែងចែកក្រុម បក្ខពួក ឬនិន្នាការនយោបាយ និងត្រូវខិតខំថែមទៀតក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដោយចាត់ទុកថាជាគោលនយោបាយមួយដែលផ្សារភ្ជាប់នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បើតាមសម្តេច ស ខេង តួអង្គសំខាន់ៗ ដើម្បីធ្វើឱ្យភូមិ ឃុំមានសុវត្ថិភាព គឺជាកម្លាំងសមត្ថកិច្ច មន្ត្រីប៉ុស្តិ៍នគរបាល រួមទាំងប្រជាការពារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត