
ខេត្តបាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រាប់ឱ្យក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងការស្នាក់នៅហូបចុករបស់កីឡាករ កីឡាការិនី ដើម្បីជំរុញឱ្យពួកគេអាចឈានឆ្ពោះទៅដណ្តើមមេដាយនៅលើឆាកអន្តរជាតិ និងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលហែលទឹកបាត់ដំបងដែលមានតម្លៃជិត២លានដុល្លារអាម៉េរិក កាលពីថ្ងៃទី១០ ខែមករា សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឱ្យអ្នកគ្រប់គ្រងកីឡាករហែលទឹកទាំងអស់ យកចិត្តទុកដាក់លើជីវភាពរស់នៅ និងបង្កើនការប្រកួតប្រជែងឱ្យបានញឹកញាប់។ ជាពិសេសរាល់ពេលកីឡាករ កីឡាការិនីហាត់ គឺត្រូវយកចិត្តទុកដាក់លើការស្នាក់នៅ និងការបរិភោគរបស់ពួកគេ។
ជាពិសេសត្រូវផ្តោតលើការងារបណ្តុះបណ្តាលធនធានមនុស្សទាំងកម្រិតគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម គណ:កម្មការបច្ចេកទេស បំពាក់ឧបករណ៍ និងសម្ភារកីឡាឱ្យបានសមស្រប ទំនើប និងទាន់សម័យ ត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ ដើម្បីឱ្យកីឡាករ-កីឡាការិនីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត និងចូលរួមប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈពីកីឡាចាប់ផ្ដើមពង្រីកសកម្មភាពរបស់ខ្លួនតាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតប្រជែង ដែលធ្វើឱ្យមានធនធានកីឡាករ-កីឡាការិនីល្អៗកើតឡើងច្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីបន្តប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមទៅដណ្តើមពានរង្វាន់ជូន គ្រួសារ និងប្រទេសជាតិ នៅឆ្នាំ២០២៣ខាងមុខនេះ។
សូមបញ្ជាក់ថា កម្ពុជាមានក្លឹបកីឡាហែលទឹកឯកជនចំនួន៨ មានសកម្មភាពមធ្យម និងក្លឹបរបស់ក្រសួងចំនួន៤ ក្នុងនោះមានក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្លឹបក្រសួងព័ត៌មាន ដែលមានសកម្មភាពជាប់លាប់៕













