
(រាជធានីភ្នំពេញ)៖ ក្រុមហ៊ុនសំណង់សៀងហៃ របស់ប្រទេសចិន បច្ចុប្បន្នកំពុងសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ដើម្បីត្រៀមទទួលកំណើនអ្នកទេសចរ ក្រោយបើកដំណើរការព្រលានយន្តហោះសៀមរាបថ្មី។ នេះបើតាមកិច្ចប្រជុំជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ...។

នាឱកាសនោះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ របស់ប្រទេសចិន បានធ្វើបទបង្ហាញអំពីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោង ដោយបានបង្ហាញនូវចំណុចសំខាន់រួមមាន៖ ទី១. របាយការណ៍លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពជាមូលដ្ឋាន, ទី២. លក្ខខណ្ឌបរិស្ថាននៃគម្រោង, ទី៣. សក្កានុពលនៃទំហំចរាចរណ៍, ទី៤. បទដ្ឋាន លក្ខណៈបច្ចេកទេសនៃការសាងសង់, ទី៥. គ្រោងការណ៍នៃការសាងសង់ត្រង់កំណាត់ផ្លូវក្រៅក្រុងសៀមរាប, ទី៦. គ្រោងការណ៍ នៃការសាងសង់ត្រង់កំណាត់ផ្លូវក្នុងក្រុងសៀមរាប, ទី៧. ការប៉ាន់ស្មានតម្លៃនៃការវិនិយោគ និងហិរញ្ញប្បទាន, និងទី៨. ការវាយតម្លៃផ្នែកសេដ្ឋកិច្ច។

ជុំវិញការលើកឡើងនេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគាំទ្រលើការគិតគូរអំពីបរិស្ថានជុំវិញការអនុវត្តគម្រោងនេះ ជាពិសេស ការរក្សាទុកដើមឈើធំៗនៅអមសងខាងផ្លូវ ដោយយកដើមឈើទាំងនោះធ្វើ ជាសួនពុះចែកទ្រូងផ្លូវ និងសួនអមសងខាងផ្លូវ នៅត្រង់ចំណុចមួយចំនួន។ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនត្រូវសាងសង់ផ្តោតលើបច្ចេកទេស គុណភាពរឹងមាំជាចម្បង និងធានាបានថា ប្រព័ន្ធរំដោះទឹកអាចរំដោះចេញពីផ្លូវបានដោយប្រសិទ្ធភាព មិនបង្កជាការជន់លិច នាំឱ្យខូចខាតដល់ស្រទាប់គ្រឹះផ្លូវនៅពេលខាងមុខ។ ជាមួយគ្នានោះដែរ ឯកឧត្តម «ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការសិក្សា នេះឱ្យបានចប់សព្វគ្រប់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ផងដែរ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុថា ព្រលានយន្តហោះថ្មីខេត្តសៀមរាប គ្រោងបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការទទួលអ្នកដំណើរក្នុងឆ្នាំក្រោយនេះហើយ»។

គួរបញ្ជាក់ថា គម្រោងពង្រីកនេះ មានទីតាំងតាមកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប មានប្រវែងសរុបជិត២០គីឡូម៉ែត្រ ពោលគឺចាប់ពីចំណុចគីឡូម៉ែត្រលេខ២៩៣+៦៥០ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៣១៣+៥៩០។ គម្រោងពង្រីកកំណាត់ផ្លូវនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន ដែលនឹងមានការកើនឡើង ដោយសារការបើកដំណើរការព្រលានយន្តហោះ ថ្មីនៅពេលខាងមុខ៕





