មន្ទីរ​វប្បធម៌ ខេត្តកំពង់ឆ្នាំង ​កំពុង​ផលិត​ក្លែង​ឯក​ចំនួន ១០០ សម្រាប់​បង្ហើរ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​រដូវលំហើយ
R
Rorn Phork
30 តុលា 2022 06:00 AM

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បាន​និង​កំពុង​ផលិត​ក្លែង​ឯក​ចំនួន ១០០ សម្រាប់​បង្ហើរ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​រដូវលំហើយ ខាង​មុខ​នេះ​។ ការផលិត​ក្លែង​ឯកនេះ ដើម្បី​ថែរក្សា​មរតក​អរូបី​យ៍ និង​មរតក​មនុស្ស​រស់ បន្តវេន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ប្រធាន​មន្ទីររ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង លោក សុខ ធួ​ក បាន​ឱ្យដឹងថា ដើម្បី​ថែរក្សា​ប្រពៃណី​វប្បធម៌ គឺ​ការ​បង្ហើរ​ខ្លែងឯក ឬ​ខ្លែង​ព្នង ដែល​ជា​មរតក​វប្ប​ធម៌​អរូបី​យ៍​ផង​នោះ លោក​បាន​អញ្ជើញ​លោកគ្រូ ឱម សឿ​ន ដែល​គាត់​មាន​ទឹកដៃ​ក្នុង​ការ​ធ្វើ​ក្លែង​ឯក និង​ធ្លាប់​ទទួល​ចំណាត់​លេខ​១ ទូ​ទាំង​ប្រទេស​ក្នុង​ការ​ផលិត​ខ្លែង ដែល​អាច​និយាយ​បាន​ថា លោក​គឺជា​មរតក​មនុស្ស​រស់​ផង​នោះ ឱ្យ​មក​ជួយ​បង្ហាត់​បង្ហាញ និង​ដំឡើង​ខ្លែងឯក​នៅ​មន្ទីររ​វប្បធម៌ ចំនួន​១០០​ខ្លែង​សម្រាប់​គ្រោង​បង្ហើរ ក្នុង​ព្រឹត្តិ​ការណ៍​វប្បធម៌ រដូវ​កាល​រំហើយ​ខាង​មុខ​នេះ គឺ​ក្នុង​អំឡុង​ថ្ងៃ​១៤​និង​១៥ កើត ខែ​មិគសិរ ត្រូវ​នឹង​ដើមខែ​ធ្នូ ចុងឆ្នាំ​២០២២​នេះ​។

លោក​បន្ថែម​ថា បើ​យោង​តាម​កម្រង​ឯកសារ​ប្រពៃណី និង​ទំនៀមទម្លាប់ រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ មា​ច ប៉ុន បាន​លើក​ឡើង​ថា​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង​បាន​ឆ្លុះ​បញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ ដែល​រស់នៅ​ផ្សារ​ភ្ជាប់ និង​ធម្មជាតិ ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ សម្រាប់​បម្រើ​ការ​រស់នៅ និង​ការ​កម្សាន្ត​។ ម្យ៉ាងទៀត ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង មិន​ត្រឹមតែ​សម្រាប់​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​បូជា​ដល់​សាសនា​ទាំង​ពីរ​ផង​ដែរ គឺ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា ហើយ​ពិធី​បង្ហើរខ្លែង​នេះ ក៏​ដើម្បី​ឧទ្ទិស​ដល់​ព្រះពាយ ដែល​មានគុណ បាន​ផ្គត់ផ្គង់​ដល់​ជីវិត​មនុស្ស​គ្រប់​រូប​ផង​ដែរ​។

ចំពោះ​ឧបករណ៍ ដែល​យក​មក​ធ្វើ​ខ្លែងឯក ឬ​ខ្លែង​ព្នង​នេះ​មាន ដូច​ជា ខ្សែ​នីឡុង ក្រមួន​សុទ្ធ ស្លឹក​ត្នោត ឬ​ស្លឹក​ត្រាំ​ង ក្រដាស​ស៊ីម៉ង់​ដ៏ ល័ក្ត កាំបិត រណា ជាដើម​។ បើ​គិត​ក្នុង​ការ​ចំណាយ​ទាំង​ថ្លៃ​ពលកម្ម​ផង ខ្លែង​១ ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប៉ុន្មាន​ពី​១២ ទៅ​១៥​ម៉ឺន​រៀល តាម​តូច​តាម​ធំ ដែល​ការ​ចំណាយ​ទាំងនេះ បានការ​ឧបត្ថម្ភ​ពី​មូលនិធិ អ៊ឹ​ង​ហ្វុ​នតា​សិន ។ ទោះ​យ៉ាងណា លោក សុខ ធួ​ក មិន​ប្រាកដ​ថា តើ​ខ្លែងឯក ឬ​ខ្លែង​ព្នង​នេះ មាន​ដើម​កំណើត​ពី​ពេល​ណា​នោះ​ទេ? តែ​តាម​លោក​បានដឹង គេ​ឃើញ​ក្នុង​គ្រឿង​ដ​ង្វា​យ​ព្រះបាទ​នរោត្តម មាន​ខ្លែង​នេះ​ផង​ដែរ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត