អគ្គនាយកដ្ឋានគយ ព្រមានឆ្មក់បង្ក្រាបរថយន្តចង្កូតស្តាំគ្មានពន្ធតាមដងផ្លូវ និងតាមទីកន្លែងសាធារណៈ
K
Kimhuoy Klaing
14 តុលា 2022 02:02 AM

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច និងព្រមានឆ្មក់បង្ក្រាបតាមដងផ្លូវផងដែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែល SBM News ទទួលបាននាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សា ដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ការអនុញ្ញាតពន្យារពេលជូនដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសង្កត់ធ្ងន់ថា៖ «សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពតយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានតាមការកំណត់ដូចបានជម្រាបជូនខាងលើជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ»

 អគ្គនាយកដ្ឋានគយ បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រោយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រថយន្តចង្កូតស្តាំបានដែលពុំបានបំពេញកាតព្វកិច្ចពន្ធនិងអាករ គឺជាមុខសញ្ញានៃការបង្ក្រាបរឹបអូសដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ បានអំពាវនាវឱ្យសាធារណជន ជាពិសេសម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត