សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់រថយន្តចង្កូតស្តាំទៅបង់ពន្ធដោយមិនចាំបាច់ដូរចង្កូតឆ្វេង ប៉ុន្តែរថយន្តនាំចូលថ្មីនឹងចាប់យក
SoKeng
06 កក្កដា 2022 05:00 AM

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យម្ចាស់រថយន្តចង្កូតស្តាំចូលមកបង់ពន្ធដោយមិនចាំបាច់កែចង្កូតឆ្វេងឡើយ។ ប៉ុន្តែការអនុគ្រោះនេះ បានតែរថយន្តដែល​កំពុងតែធ្វើចរាចរនៅកម្ពុជាប៉ុណ្ណោះ ចំពោះរថយន្តចង្កូតស្តាំដែលនាំចូលថ្មី គឺនឹងត្រូវចាប់យកតែម្ដង។ សម្តេចតេជោបានថ្លែងបែបនេះ ក្រោយពីមានម្ចាស់រថយន្តជាច្រើននាក់បានប្រមូលផ្តុំគ្នា សំណូមពរឱ្យសម្តេចអនុគ្រោះកាលពីថ្ងៃទី០៥ ខែកក្កដា​ នៅតាមបណ្តោយផ្លូវគួរកប់ស្រូវ...។

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ ខែកក្កដា មុនគណៈប្រតិភូកីឡាកម្ពុជាចេញទៅប្រកួតកីឡាជនពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី សម្តេចតេជោ បានបញ្ជាក់ថា រថយន្តចង្កូតស្តាំដែលបានចូលទៅកក់ប្រាក់ពន្ធអាករមានចំនួន៦៦៩៦គ្រឿង  ក្នុងនោះកែចង្កូតពីស្តាំមកឆ្វេងមានចំនួន៤២៩៩គ្រឿង និងមិនទាន់កែចង្កូតមានចំនួន២៥០៩គ្រឿង។ «ខ្ញុំយល់ស្របជាមួយនឹងសំណូមពររបស់បងប្អូន បងប្អូនត្រូវចូលមកបង់ពន្ធដោយមិនចាំបាច់ដូរចង្កូត ប៉ុន្តែត្រូវតែវិលមកបន្ថែមលុយពន្ធឱ្យដាច់ រួចហើយទទួលនូវលិខិតពីគយ សម្រាប់បញ្ជូនទៅទទួលផ្លាកលេខ។ សពុលភាពគឺត្រឹមតែថ្ងៃទី៦ ខែកក្កដានេះ។ សម្រាប់អ្នកដែលដូរហើយ អ្នកដែលមិនទាន់បានដូរ គឺត្រូវចូលមកបង់ពន្ធ រួចហើយក្រសួងសាធារណការចេញផ្លាកឱ្យ» សម្តេចតេជោបានថ្លែងបែបនេះ ដោយអះអាងថា ការអនុគ្រោះឱ្យរថយន្តចង្កូតស្តាំជាង២ពាន់គ្រឿងទៀតនេះ គឺដោយសារសម្តេចកត់សម្គាល់ថា៤ ទៅ៥ឆ្នាំទៅមុខទៀត រថយន្តទាំងនោះនឹងមិនអាចដំណើរការទៀតបានទេ។

ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យនាំចូលរថយន្តចង្កូតស្តាំទៀតឡើយ បើនៅតែនាំចូល អាជ្ញាធរនឹងចាប់យកភ្លាមតែម្ដង។ សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «អត់ឱ្យរថយន្តចង្កូតស្តាំ ចូលមកថ្មីទេ។ រថយន្តដែលនៅទល់ដែន សូមឱ្យគេយកត្រឡប់ទៅវិញ។ ប៉ុន្តែបើចូលមកហួសហើយ គឺចាប់យកតែម្ដង មិនអនុញ្ញាតឱ្យទាំងបង់ពន្ធ និងទាំងមិនអនុញ្ញាតឱ្យកែចង្កូត»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត