អគ្គនាយកដ្ឋានគយ ទទួលបានចំណូលជាង៧៦លានដុល្លារ ពីការបង់ពន្ធអាករលើរថយន្តចង្កូតឆ្វេងនាំចូលអត់ពន្ធ និងរថយន្តចង្កូតស្តាំ
K
Kimhuoy Klaing
07 កក្កដា 2022 11:00 AM

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចំណូលពីការបង់ពន្ធអាករលើរថយន្តចង្កូតឆ្វេងនាំចូលអត់ពន្ធ និងរថយន្តចង្កូតស្តាំ កែទៅចង្កូតឆ្វេង បានប្រមាណជាង៧៦លានដុល្លារ...។​ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងក្នុងពិធីសន្និសីទសារព័ត៌មាន ធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២...។

ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី
ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី

បើតាមការលើកឡើងរបស់ ឯកឧត្តម គុណ ញឹម បង្ហាញថា លទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ជ្រកក្រោមស្លាកលេខផ្សេងៗ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចុះទទួលប្រាក់បង់ពន្ធអាករ និងកក់ប្រាក់សម្រាប់រថយន្តចង្កូតស្តាំ ទៅចង្កូតឆ្វេង សុរបចំនួន ៩៧៥៣គ្រឿង។ ក្នុងនោះ​ រថយន្តចង្កូតឆ្វេងនាំចូលអត់បង់ពន្ធ មានចំនួន ២៧១៣គ្រឿង ដែលបានបង់ពន្ធអាករសរុប ៣៥លានដុល្លារ។​ ចំណែក រថយន្តចង្កូតស្តាំ កក់ប្រាក់សម្រាប់កែចង្កូតឆ្វេងមានសរុប ៧០៤០គ្រឿង ដែលមានទឹកប្រាក់សរុប៤១.៥លានដុល្លារ។ 

គួររំលឹកផងដែរថា ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យម្ចាស់រថយន្តចង្កូតស្តាំចូលមកបង់ពន្ធដោយមិនចាំបាច់កែចង្កូតឆ្វេងឡើយ។ ប៉ុន្តែការអនុគ្រោះនេះ បានតែរថយន្តដែល​កំពុងតែធ្វើចរាចរនៅកម្ពុជាប៉ុណ្ណោះ ចំពោះរថយន្តចង្កូតស្តាំដែលនាំចូលថ្មី គឺនឹងត្រូវចាប់យកតែម្ដង៕

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២២។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត