
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់មា្ចស់រថយន្តចង្កូតស្តាំដែលគ្មានពន្ធ រួសរាន់មកចុះបញ្ជីនៅអង្គភាពគយ និងរដ្ឋាករដែលនៅជិតបំផុតយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីទទួលបានឱកាសក្នុងការបង់ពន្ធ និងអាករដោយមិនតម្រូវឲ្យកែចង្កូត និងពុំរងពិន័យរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។

ដោយឱសានវាទកាន់តែជិតមកដល់ អ.គ.រ សូមរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ជ្រាបថា ការអនុញ្ញាតឲ្យចុះបញ្ជីនេះនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ ចំពោះរថយន្តដែលចុះបញ្ជីរួច នឹងត្រូវបានទុកពេលវេលាឲ្យម្ចាស់មកបង់ពន្ធ និងអាកររហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសង្កត់ធ្ងន់ថា រថយន្តដែលមិនបានចុះបញ្ជីក្នុងកាលបរិច្ឆេទកំណត់នេះ នឹងចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស ពោលចាត់ទុកថាជារថយន្តទើបរត់ពន្ធចូលមកថ្មី ដែលជាមុខសញ្ញានៃការបង្រ្កាប និងរឹបអូសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានរថយន្តចង្កូតស្តាំចំនួន៤៨៥៤គ្រឿងដែលបានមកចុះបញ្ចី ដែលក្នុងនោះមានរថយន្តមួយចំនួន បានបំពេញកាតព្វកិច្ច និងអាកររួចហើយ៕










