
រាជធានីភ្នំពេញ៖ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែកក្កដាថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍អនុគ្រោះដល់រថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជា ក្នុងចន្លោះ៦០ថ្ងៃ ទៅ៩០ថ្ងៃ មកបំពេញពន្ធអាករ។ ប៉ុន្តែរាជរដ្ឋាភិបាល ក៏បានប្រាប់ដល់គយឲ្យពិចារណាថា គួរតែសម្រេចកំណត់រយៈពេលប៉ុន្មាន ខណៈគយកំពុងតែប្រជុំអំពីនីតិវិធីលម្អិតនៃការកំណត់ថ្ងៃសម្រាប់ឲ្យរថយន្តចង្កូតស្តាំមកបង់ពន្ធ។

ឯកឧត្តម គុណ ញឹម បានលើកឡើងថា៖ «យើងកំពុងគិតគូរ ប៉ុន្តែមានចំណាររបស់សម្ដេចតេជោរួចហើយ ក្នុងរង្វង់ចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ។ ការអនុគ្រោះអនុញ្ញាតនេះ គឺមានរយៈពេលប៉ុណ្ណឹង ហើយយើងនឹងពិភាក្សាគ្នា សុំគោលការណ៍សម្រេចពីឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសយក៩០ថ្ងៃ ឬ៦០ថ្ងៃ ដោយពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធទាំងអស់។ ពីព្រោះកាលណាយើងដាក់៦០ថ្ងៃ មានហានិភ័យយ៉ាងម៉េច ហើយ៩០ថ្ងៃមានហានិភ័យយ៉ាងម៉េច?
ឯកឧត្តម គុណ ញឹម បានអំពាវនាវឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ទាំងរថយន្តមានពន្ធ និងគ្មានពន្ធ ត្រូវមកប្រកាសសិទ្ធិកាប់កាន់រថយន្តចង្កូតស្តាំ ដើម្បីងាយស្រួលឲ្យគយ អាចកំណត់អំពីចំនួនរថយន្តចង្កូតស្តាំដែលរាជរដ្ឋាភិបាលបានសម្រេចអនុគ្រោះឲ្យបន្តចរាចរនៅកម្ពុជា។ កាលពីពិធីជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ មន្ត្រីគយរូបនេះ បានប្រាប់ឲ្យដឹងថា គយនឹងជម្រាបជូននូវនីតិវិធីលម្អិត និងផ្សព្វផ្សាយពីរយៈពេលកំណត់សម្រាប់ឲ្យរថយន្តចង្កូតស្តាំមកបំពេញពន្ធអាករនៅអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅពេលឆាប់ៗនេះ។

បន្ថែមពីនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករក៏បានបង្ហាញការប្តេជ្ញាថា នឹងបញ្ជូនមន្ត្រីគយឲ្យទៅតាមដាន និងពង្រឹងវិធានការទប់ស្កាត់ករណីលួចនាំចូលរថយន្តចង្កូតស្តាំ និងរថយន្តគ្មានពន្ធនៅតាមច្រកព្រំដែនថៃ ដើម្បីកុំឲ្យប៉ះពាល់ដល់ចំណូលពន្ធ និងការប្រកួតប្រជែងទីផ្សាររថយន្ត។ ឯកឧត្តម គុណ ញឹម បាននិយាយថា វិធានការនេះ អាចនឹងលំបាក ដោយសារខ្វះកម្លាំងដែលឈរជើងគ្រប់ច្រកល្ហក់។ តែយ៉ាងណា ឯកឧត្តម បានអះអាងថា មន្ត្រីគយនឹងបន្តពង្រឹងកិច្ចការនេះឲ្យប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាកម្ពុជាគ្មានរថយន្តអត់ពន្ធ និងគ្មានការនាំចូលរថយន្តចង្កូតស្តាំបន្ថែមទៀត។

គូសបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ចុងខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធអាករសរុបប្រមាណ៧៦លានដុល្លារអាម៉េរិកពីរថយន្តអត់ពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗចំនួន៩៧៥៣គ្រឿង។ ឯកឧត្តម គុណ ញឹម បានបញ្ជាក់ថា ចំណូល៧៦លានដុល្លារពីការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ គឺជាចំណូលកៀរគរចូលថវិកាជាតិ។ ឯកឧត្តម គុណ ញឹម បានអះអាងថា ក្នុងចំណោមចំណូលពន្ធអាករចំនួន៧៦លានដុល្លារនោះ មាន១៤លានដុល្លារជាប្រាក់កក់ ដែលមិនទាន់អាចបង្វិលទៅជាប្រាក់ពន្ធអាករចូលរដ្ឋ។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅកម្ពុជាគឺមានរថយន្តគ្មានពន្ធចំនួន១ម៉ឺនគ្រឿង ក្នុងនោះមានម្ចាស់រថយន្តមកកក់ប្រាក់ និងបង់ពន្ធមានចំនួន៩៧៥៣គ្រឿង។ ក្នុងចំណោមរថយន្តដែលមកបង់ពន្ធ និងកក់ប្រាក់ គឺមានរថយន្តចង្កូតស្តាំចំនួន៧០៤០គ្រឿង ក្នុងនោះមានរថយន្តចង្កូតស្តាំចំនួន២៥៤៧គ្រឿង ដែលមិនទាន់កែចង្កូតរួច៕



