រាជធានី/ខេត្តចំនួន៣ ទទួលបានគម្រោងបង្កើតរោងចក្រថ្មី មានទុនវិយោគជិត៣០លានដុល្លារ
P
Pisey Sem
13 តុលា 2022 04:00 AM

(រាជធានីភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ។

បើតាមការទំព័រហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិវិនិយោគគម្រោងទាំងនោះរួមមាន៖

១-ក្រុមហ៊ុន “GORGEOUS LIGHTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំរបស់អំពូលលម្អ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៨,១លានដុល្លារអាម៉េរិក។

២-ក្រុមហ៊ុន“JT ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អំពូលភ្លើង និងគ្រឿងបង្គុំអំពូលភ្លើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក។

៣-ក្រុមហ៊ុន “LINGBENYANG OPTOELECTRONICS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក។

៤-ក្រុមហ៊ុន YI ZHOU HONG RI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក។

ដោយឡែក ក្រុមហ៊ុនទី៥ “FORESTSTAR TREE INDUSTRIAL (CAMBODIA) CO., LTD.” ដែលជាគម្រោងបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈគ្រប់ប្រភេទសម្រាប់តុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា គម្រោងវិនិយោគដែលមានទុនសរុប ២៩.២លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅលើទឹកដីខេត្តទាំង៣នោះ អាចបង្កើតការងារជូនពលរដ្ឋកម្ពុជារហូត ៤ ៥៦១កន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត