
(រាជធានីភ្នំពេញ)៖ គម្រោងស្ដារផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង២០គីឡូម៉ែត្រ ដែលខូចខាតធ្ងន់ធ្ងរ ក្រសួងសេដ្ឋកិច្ច បានស្នើក្រុមហ៊ុនទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិនេះជាបណ្ដោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ស្របពេលបច្ចុប្បន្នគម្រោងផ្លូវនេះ បានសិក្សារួចរាល់ហើយ ប៉ុន្តែកម្ពុជារង់ចាំថវិកាពីចិននៅឡើយ ក្រោយធ្វើសំណើទៅកាន់រដ្ឋាភិបាលចិន ឱ្យជួយផ្តល់ប្រាក់កម្ចីសម្រាប់សាងសង់កំណាត់ផ្លូវនេះ...។ នេះបើតាមដំណើរចុះពិនិត្យកំណាត់ផ្លូវ ដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗ...។

នាឱកាសនោះ
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ស្ថានភាពទូទៅនៃកំណាត់ផ្លូវជាតិលេខ៣
កំពត-វាលរេញ ដែលមានប្រវែង៥៤គីឡូម៉ែត្រ ក្នុងនោះ៣៤គីឡូម៉ែត្រ មានសភាពល្អប្រសើរ និង២០គីឡូម៉ែត្រទៀតតែងតែខូចខាតជាប្រចាំ។
ឯកឧត្តម បន្តដូច្នេះថា«ផ្លូវកំពត-វាលរេញ កំណាត់២០គីឡូម៉ែត្រនេះ
ជាផ្លូវមានគ្រឹះជាដីស្អុយ ដែលខូចហើយខូចទៀត ទោះជួសជុលច្រើនដងក្ដី
ដោយធនាគារពិភពលោកផង កូរ៉េផង និងរាជរដ្ឋាភិបាលផ្ទាល់ ក៏នៅតែមិនជាប់បានយូរ
ហើយបច្ចុប្បន្នមានសំបុកមាន់ជាច្រើន»។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជំរុញឱ្យក្រុមហ៊ុនទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិលេខ៣ លើកំណាត់ផ្លូវ២០គីឡូម៉ែត្រនេះ ត្រូវធ្វើសកម្មភាពជួសជុលបណ្ដោះអាសន្ន លើផ្លូវដែលខូច
មុនពេលទទួលបានថវិកាគម្រោងសាងសង់ ដើម្បីសម្រួលចរាចរណ៍របស់ពលរដ្ឋ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងស្វះស្វែងរកថវិកាពីរដ្ឋាភិបាលចិន ដើម្បីសាងសង់កំណាត់ផ្លូវជាតិលេខ៣ ប្រវែងប្រមាណ២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងរងការខូចខាតខ្លាំង។
ដោយឡែក អ្នកបច្ចេកទេសសាងសង់ផ្លូវ បានបង្ហាញពីជម្រើសបច្ចេកបច្ចេកទេសចំនួន៣ ដែលអាចសាងសង់ផ្លូវនេះឱ្យជាប់បានយូរ ជាពិសេស ការសាងសង់គ្រឹះ។ បើមិនប្រើមធ្យោបាយបច្ចេកទាំងនោះទេ គឺមិនអាចធ្វើឱ្យផ្លូវនេះអាចជាប់បានយូរនោះឡើយ ដែលអាចនឹងត្រូវការទំហំថវិកាក្នុងរង្វង់ប្រមាណ៧០លានដុល្លារអាម៉េរិក ដើម្បីដំណើរការគម្រោងផ្លូវនេះ។
យ៉ាងណា នាឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ឯកឧត្តម បានធ្វើសំណើរួចហើយទៅកាន់រដ្ឋាភិបាលចិន ឱ្យជួយផ្តល់កម្ចីសម្រាប់សាងសង់កំណាត់ផ្លូវនេះ។ បើតាមឯកឧត្តម គឺបានស្នើរដ្ឋាភិបាលចិន បង្វែរគម្រោងថវិកាឆ្នាំ២០២៣ ដែលត្រូវប្រើប្រាស់សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធដទៃនោះ មកសាងសង់កំណាត់ផ្លូវនេះ ជំនួសវិញ ព្រោះវាមានភាពចាំបាច់សម្រាប់ការប្រើប្រាស់។ ប៉ុន្តែលទ្ធផលយ៉ាងណានោះ គឺត្រូវរង់ចាំការឆ្លើយតបពីខាងភាគីរដ្ឋាភិបាលចិនសិនដែរ...៕










