កីឡាប្រណាំងកង់ភ្នំកម្ពុជា រំពឹងដណ្តើមបានមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣ ខណៈការហ្វឹកហាត់ត្រូវបានពង្រឹង
R
Rorn Phork
10 តុលា 2022 02:00 PM

(សៀមរាប)៖ អត្តពលិកកីឡាកង់ភ្នំជម្រើសជាតិកម្ពុជា ​កំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅ​ខេត្ត​សៀមរាប ​ ដើម្បីត្រៀមបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ [ស៊ីហ្គេម] លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ...។

គ្រូបង្វឹក លោក អ៊ុច សុខវិបុល និងជាអត្តពលិកកីឡាកង់ភ្នំ​កម្ពុជា បានឱ្យដឹងថា ក្រុមអត្តពលិកកីឡាកង់ភ្នំកម្ពុជា​ មានស​មា​ជិក៨នា​ក់​​កំពុងហ្វឹកហាត់នៅភូមិខ្នារសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្ត​សៀមរាប (ឧទ្យាជាតិព្រះជ័យវរ័្មន-នរោត្តម ភ្នំគូលែន) ជាទីតាំងប្រកួតផ្ទាល់​សម្រាប់ស៊ីហ្គេ​ម​ ឆ្នាំ២០២៣។​

លោក អ៊ុច សុខវិបុល បានឱ្យដឹងថា ការហ្វឹកហាត់ គឺមានវឌ្ឍន​ភាពជាបន្តបន្ទាប់, ទាំងទីលានហ្វឹកហាត់ Performance កីឡាករ-កីឡាការីនី, លទ្ធផលនៃការប្រកួតជាតិ និងអន្តរជាតិ, ចំណេះដឹង និងជំនាញ, ការរស់នៅប្រកបដោយ សេចក្ដីថ្លៃថ្នូរ។ ទាំងអស់នេះ គឺកើតឡើងដោយកិច្ចការងារជំនាញ មានផែនការជាក់លាក់ មានការប្រតិបត្តិ ការតាមដានដោយយកចិត្តទុកដាក់ ការធ្វើបច្ចុប្បន្នភាពឱ្យទាន់សម័យកាល កិច្ចសហការប្រកបដោយទំនុកចិត្ត និងទំនុកចិត្តរបស់ក្រុម គួបផ្សំនឹងការគាំទ្រពីថ្នាក់លើដល់ថ្នាក់ក្រោម រួមមាន សហព័ន្ធកីឡា ក្រសួងពាណិជ្ជកម្ម ស្ថាប័នកីឡា ស្ថាប័នអប់រំ និងថ្នាក់ដឹកនាំប្រទេស។

គ្រូបង្វឹករូបនេះ លើកឡើងបន្ថែមថា កាលពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កង់ភ្នំ​កម្ពុ​ជា ធ្វើបានល្អ ដោយកៀកទៅនឹងការប្រជែងមេដាយ តាមរយៈកីឡាករ ឆាន ឆៃហ្វុង ឈរ​នៅលេខ៥ ខណៈកីឡាករ ហួត លយរស្មី ឈរនៅលេខ៦ ក្នុងកម្រិតអ្នករត់ផ្តាច់មុខ២ជុំ ពីកី​ឡាករជើងខ្លាំងៗ និងមានបទពិសោធ ស្របពេលកីឡាការិនី ខេន ម៉ាឡៃ និង យត់ កន្និកា នៅក្មេងខ្ចី ប៉ុន្តែក្លាហានរត់ដេប៉ាឈានមុខកីឡាការិនីជើងខ្លាំងៗ និងមានបទ​ពិសោធន៍។

លោកបញ្ជាក់ថា «ខ្ញុំបានដាក់ក្ដីរំពឹងខ្ពស់ ថានឹងអាចទទួលបានលទ្ធផលល្អ​នៃការ​ប្រកួត​ស៊ីហ្គេមនាពេលខាងមុខ។ យើងសម្លឹង Podium ក្តាលេខ១ ២ ៣។ យើងចង់បំបែក​កំណត់ត្រានៃកីឡាប្រណាំងកង់ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមពួកខ្ញុំ ជាគ្រូបង្វឹកជំនាញ និងក្រុមការងារ ព្រមទាំងកូនសិស្សជាអត្តពលិក​ នៅរំជំហ្វឹក​ហាត់ទាំង​អស់​ មានសេចក្ដីសោមន្សរីករាយ នឹងការទទួលបានឱកាសកិច្ចការនេះ។ យើងមាន​ស្មារតី​ខ្ពស់​ចំពោះកិច្ចការយើងមានទឹកចិត្ត និងគោរពប្រតិបត្តិឱ្យតម្លៃចំពោះកិច្ចការងាររបស់ខ្លួន និងកិច្ចការងារកីឡា (ការងារសង្គម)»។ កង់ភ្នំ ជាវិញ្ញាសាក្នុងប្រភេទកីឡាទោចក្រយាន នឹងត្រូវប្រកួតក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅឧទ្យាជាតិព្រះជ័យវរ័្មន-នរោត្តម (ភ្នំគូលែន)​ ដោយនៅក្នុងវិញ្ញាសាកង់​ភ្នំមានវិញ្ញាសា​បន្ថែម​​ទៀត ដូចជាបុរស-នារី (XCO Men-Women) បណ្តាក់បុរស-នារី (XCO Mix Relay) និង Eliminate បុរស-នារីជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត