កម្ពុជា-កូរ៉េ ជំរុញឱ្យក្រុមហ៊ុនម៉ៅការ ត្រូវពន្លឿនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២
P
Pisey Sem
08 តុលា 2022 09:00 AM

(រាជធានីភ្នំពេញ)៖ កម្ពុជា-កូរ៉េ បានស្នើទៅកាន់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវពន្លឿនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ឱ្យបានឆាប់ ដោយមិនត្រូវបន្តបណ្តែតបណ្តោយទៀតនោះឡើយ។ ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារួមគ្នា ដើម្បីដោះស្រាយបញ្ហាការងារសាងសង់ផ្លូវជាតិទាំងពីរនេះ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំល្អៗដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈមទាំងអស់ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ។

ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ក្នុងនាមប្រធានគណៈប្រតិភូ រួមជាមួយតំណាងមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) ក៏បានជំរុញដល់ក្រុមហ៊ុនសាងសង់​ត្រូវពន្លឿនអនុវត្តគម្រោងឱ្យសម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។

គួររម្លឹកដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ៣។

គម្រោងនេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៥៦ លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្លូវជាតិទាំងពីរខ្សែនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd. ត្រូតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Joint Venture of Dasan Consultants Co., Ltd, ក្រុមហ៊ុន Dong II Engineering Consultants Co., Ltd. និងក្រុមហ៊ុន Seoyoung Engineering Co., Ltd. ។

បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវលេខ ២ និង ២២ សម្រេចលទ្ធផលការងារបាន៧៦,២០% ហើយ ដែលយឺតជាងផែនការខ្លាំង។

ឯកឧត្ដម ស៊ុន ចាន់ថុល ក៏ធ្លាប់បានឱ្យដឹងថា៖ ផ្លូវនេះ ការសាងសង់យឺតយ៉ាវ ព្រោះក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់។លើសពីនេះ ក៏មានចំណុចខ្លះសង់ខ្វះគុណភាព ដោយឯកឧត្តម បានបញ្ជាឱ្យក្រុមហ៊ុនត្រូវធ្វើការដោះស្រាយបន្ទាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត