ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា កំពុងសម្រុកហ្វឹកហាត់ ដើម្បីត្រៀមស៊ីហ្គេម ២០២៣
R
Rorn Phork
07 តុលា 2022 10:00 AM

ភ្នំពេញ៖ គ្រូបង្វឹកជម្រើសជាតិផ្នែកហែលទឹកពាក់ជើងទា អះអាងថា ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា ចំនួន៦នាក់ ក្នុងនោះកីឡាករ៤នាក់ និងកីឡាការិនី២នាក់ កំពុងពុះពារហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីឆ្ពោះទៅដណ្តើមលទ្ធផលល្អ ជាមេដាយជូនជាតិ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

គ្រូបង្វឹកជម្រើសជាតិផ្នែកហែលទឹកពាក់ជើងទា លោក ហែមថុន ពន្លឺ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិ កំពុងសម្រុកហ្វឹកហាត់យ៉ាងសកម្ម សម្រាប់កីឡាករ កីឡាការិនីទាំង៦នាក់។ លោកថា ពេលនេះយើងមិនទាន់អាចរកកីឡាករ កីឡាការិនីបន្ថែមបានទេ ដោយសារខ្វះខាតសម្ភារៈហ្វឹកហាត់។ នៅពេលខាងមុខឆាប់ៗនេះ ផ្នែកហែលជើងទា នឹងបន្ថែមចំនួនកីឡាករ កីឡាការិនីមួយចំនួនទៀត ពេលមានសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់។

គ្រូបង្វឹករូបនេះអះអាងថា សម្រាប់កម្មវិធីហ្វឹកហាត់វិញ មានរយៈពេល៦ថ្ងៃ ក្នុងនោះ៣ថ្ងៃ គឺហែលទឹកសម្រាប់ត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ រីឯ៣ថ្ងៃទៀត ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ គឺហែលពាក់ជើងទា។ ក្នុង១ថ្ងៃៗ ការហ្វឹកហាត់ធ្វើឡើងចំនួន២ពេល ក្នុង១ពេលៗ មាន៣ម៉ោង។ ដូច្នេះ ក្នុង១ថ្ងៃ មានចំនួន ៦ម៉ោង។

លោក ហែមថុន ពន្លឺ បានបន្ថែមថា«ក្រោយបញ្ចប់កម្មវិធីកីឡាជាតិ ការហ្វឹកហាត់នេះ នឹងត្រូវកាត់ចោលការហែលទឹក៣ថ្ងៃនោះ ដោយបង្កើនម៉ោងហ្វឹកហាត់ សម្រាប់វិញ្ញាសាហែលជើងទាសុទ្ធ។ តាមផែនការ សហព័ន្ធខ្មែរកីឡាហែលទឹក កំពុងទាក់ទងជាមួយខាងភាគីវៀតណាម ដើម្បីបញ្ជូនក្រុមជម្រើសជាតិហែលពាក់ជើងទា ទាំង៦នាក់ ទៅហ្វឹកហាត់នៅទីនោះ នាពេលខាងមុខ»

អតីតកីឡាករជម្រើសជាតិហែលទឹករូបនេះ បានរំឭកថា ជាមួយនឹងសមិទ្ធផលជាមេដាយ ២លើក កន្លងមក គឺមេដាយសំរឹទ្ធ១វិញ្ញាសា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ និងការប្រកួតពានរង្វាន់ហែលជើងទាពិភពលោក (Finswimming’s World Cup) កាលពីខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ គឺជាកម្លាំងរុញឱ្យក្រុមជម្រើសជាតិនេះ ខិតខំពុះពារកាន់តែខ្លាំងក្លា ដើម្បីជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការឈានទៅដណ្តើមមេដាយជូនជាតិ ជាប្រវត្តិសាស្ត្រជាលើកដំបូង ក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក ហែមថុន ពន្លឺ បានសង្កត់ធ្ងន់ថា «យើងសង្ឃឹមថា តាមរយៈការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមគ្នានេះ ប្រភេទកីឡាហែលពាក់ជើងទាកម្ពុជា នឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន។ កាលពីត្រៀមស៊ីហ្គេម ២០២២ នៅវៀតណាម យើងទើបនឹងចាប់ផ្តើមរយៈពេលខ្លី ប៉ុន្តែយើងទទួលបានលទ្ធផលល្អ។ ការត្រៀមស៊ីហ្គេម ២០២៣ យើងនឹងមានពេលវេលាមួយវែងជាង ជាមួយនឹងការហ្វឹកហាត់ បង្កើនការហ្វឹកហាត់នៅប្រទេសវៀតណាមបន្ថែម ដោយសារប្រទេសវៀតណាម គឺជាជើងឯកលើវិញ្ញាសាហែលជើងទានេះ។ ដូច្នេះ កត្តាត្រៀមខ្លួនរួមផ្សំទាំងអស់នេះ យើងរំពឹងថា យើងនឹងទទួលបានលទ្ធផលល្អជូនជាតិ ក្នុងពេលស៊ីហ្គេម ២០២៣ ជាក់ជាមិនខាន»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត