
អត្ថបទដកស្រង់ពី៖ Hello គ្រូពេទ្យ
សុខភាព៖ ការហាត់ប្រាណ ឬទទួលទានអាហារ ពិតជាផ្តល់ផលល្អយ៉ាងច្រើនចំពោះរាងកាយ តែបើងាកមកនិយាយពីការហែលទឹកជាប្រចាំ ក៏បានផ្តល់គុណប្រយោជន៍៦យ៉ាង ដល់រាងកាយ។

១. គេងលក់ស្រួល៖ ការសិក្សាបានបង្ហាញថា ការហែលទឹកជាលំហាត់ប្រាណសំខាន់ជួយដល់ការគេងមិនលក់។ នេះគឺល្អសម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់ អាចសាកល្បងជ្រើសយកការហែលទឹក ជាលំហាត់ប្រាណវិញបាន។ ២. ជួយដុតបំផ្លាញកាឡូរី៖ ហែលទឹក៣ដងក្នុងមួយសប្ដាហ៍ អាចដុតបំផ្លាញកាឡូរី និងជួយពង្រឹងសាច់ដុំ។ នៅពេលហែលទឹក៣០នាទី អាចដុតកាឡូរី បានរហូតដល់ ៣០០កាឡូរី។ ៣. ពន្យាភាពចាស់៖ ការសិក្សាមួយបានលើកឡើងថា ចំពោះអ្នកដែលអាចហែលទឹកបានចម្ងាយ៣២០០ទៅ៤៥០០ម៉ែត្រ និងធ្វើបាន៣ទៅ៥ដង ក្នុងមួយសប្ដាហ៍ អាចពន្យាភាពចាស់ឱ្យក្មេងជាងវ័យមិនតិចជាង១០ឆ្នាំ។ នេះមកពីសាច់ដុំរបស់អ្នកហែលទឹកជាប្រចាំកាន់តែមានភាពរឹងមាំ ដែលជាចំណុចសំខាន់នៃការថយចុះនៃដំណើរការភាពចាស់ និងសុខភាពផ្លូវកាយ។

៤. ដំណើរការរសួតល្អជាងមុន៖ ហែលទឹកជាប្រចាំ ជាមធ្យោបាយល្អមួយ ក្នុងការពង្រឹងដំណើរការរបស់សួត។ ការសិក្សាបានឱ្យដឹងថា ការហែលទឹកល្អជាងការហាត់យ៉ូហ្គា បើលោកអ្នកចង់ឱ្យដំណើរការសួតមានភាពប្រសើរជាងមុន ព្រោះការហែលទឹកអាចជួយបង្កើនភាពយឺតសាច់ដុំសួត និងទ្រូង។ ៥. ជួយខ្នងឱ្យរឹងមាំ៖ អ្នកមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃដូចជា ការឈឺសរសៃ ដែលជាសរសៃធំបំផុតនៅជើង ដោយវាចាប់ឈឺពីខ្នងខាងក្រោមហូតដល់ជើង។ ការហែលទឹកអាចជួយបង្កើនសាច់ដុំខ្នង និងបន្ថយការឈឺចុកចាប់ទៀត ព្រោះរាងកាយអណ្ដែតក្នុងទឹក។ ៦. សន្លាក់រឹងមាំជាងមុន៖ ហែលទឹកជួយទ្រទម្ងន់បានរហូតដល់៩០ភាគរយ ហេតុនេះហើយ ទើបការហែលទឹកជាលំហាត់ប្រាណដ៏ល្អបំផុត សម្រាប់អ្នកដែលមានការឈឺចាប់ នៅសន្លាក់បង្កដោយជំងឺរលាកសន្លាក់។លើសពីនេះ ការហែលទឹកជាប្រចាំ ក៏អាចជួយកាត់បន្ថយហានិភ័យជំងឺរលាកសន្លាក់ និងជួយឱ្យសាច់ដុំជុំវិញសន្លាក់មានភាពរឹងមាំផងដែរ៕



