ចិន និងរុស្ស៊ី មានជម្លោះជាមួយអាម៉េរិក ជុំវិញកិច្ចប្រជុំ UN ស្តីពីបញ្ហាកូរ៉េខាងជើង
Serichopon Ye
05 តុលា 2022 03:30 AM

សហរដ្ឋអាម៉េរិក បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំស្តីពីកូរ៉េខាងជើងនៅថ្ងៃពុធទី ៥ ខែតុលា បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់កាំជ្រួចមីស៊ីលផ្លោងពីលើប្រទេសជប៉ុន ប៉ុន្តែអ្នកការទូតបានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីបានជំទាស់នឹងការពិភាក្សាជាសាធារណៈដោយស្ថាប័នដែលមានសមាជិក ១៥ ។

ប្រទេសកូរ៉េខាងជើង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងដែលមានឥទ្ធិពលជាងពេលមុនៗកាលពីថ្ងៃអង្គារទី ៤ ខែតុលា ដោយវាបានហោះរំលងលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ និងបានជំរុញឱ្យមានការព្រមានដល់ប្រជាជននៅទីនោះឱ្យការពារ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ បន្ទាប់ពីអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសាធារណៈថា៖«យើងត្រូវកំណត់សមត្ថភាពរបស់កូរ៉េខាងជើងក្នុងការជំរុញកម្មវិធីមីស៊ីលផ្លោង និងអាវុធប្រល័យលោកខុសច្បាប់របស់ពួកគេ»។  ចក្រភពអង់គ្លេស បារាំង អាល់បានី ន័រវេស និងអៀរឡង់ បានចូលរួមជាមួយសហរដ្ឋអាម៉េរិកក្នុងការអំពាវនាវឱ្យមានកិច្ចប្រជុំ។ 

លោកស្រី Linda Thomas-Greenfield 
លោកស្រី Linda Thomas-Greenfield 

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន និងរុស្ស៊ីបានប្រាប់សមាជិកក្រុមប្រឹក្សាថា ពួកគេប្រឆាំងនឹងកិច្ចប្រជុំសាធារណៈ ដោយលើកហេតុផលថា ប្រតិកម្មរបស់ក្រុមប្រឹក្សាគួរតែអំណោយផលដល់ការបន្ធូរបន្ថយស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ វា​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ក្រុមប្រឹក្សា​នឹង​ជួប​ពិភាក្សាជា​សាធារណៈ ឬ​បិទ​ទ្វារ​នោះទេនៅ​ថ្ងៃ​ពុធ។ 

ប្រទេសកូរ៉េខាងជើង អស់រយៈពេលជាច្រើនឆ្នាំត្រូវបានហាមឃាត់មិនឱ្យធ្វើការសាកល្បងនុយក្លេអ៊ែរ និងការបាញ់កាំជ្រួចមីស៊ីលផ្លោងដោយក្រុមប្រឹក្សាសន្តិសុខ ដែលបានពង្រឹងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីព្យាយាម និងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីទាំងនោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ  ចិន និងរុស្ស៊ី បានប្រើអំណាចវេតូក្នុងការស្នើឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងមនុស្សធម៌ និងដើម្បីទាក់ទាញទីក្រុងព្យុងយ៉ាងឱ្យងាកទៅរកកិច្ចចរចាអន្តរជាតិដែលជាប់គាំង ក្នុងគោលបំណងបញ្ចុះបញ្ចូលមេដឹកនាំ គីម ជុងអ៊ុន ឱ្យរំសាយអាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានលើកឡើងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងពីលើប្រទេសជប៉ុនថាជា ទង្វើដែលមិនប្រុងប្រយ័ត្ននិងជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។  លោក Dujarric បានសង្កត់ធ្ងន់ថា៖«វាក៏មានការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរផងដែរ ដែលកូរ៉េខាងជើងបានបដិសេធម្ដងទៀតនូវការពិចារណាលើការហោះហើរអន្តរជាតិ ឬសុវត្ថិភាពដែនសមុទ្រ»។ លោកបានបន្ថែមថា លោក Guterres បានជំរុញឱ្យទីក្រុងព្យុងយ៉ាងបន្តកិច្ចចរចាជាមួយភាគីសំខាន់ៗ៕

លោក Stephane Dujarric និង លោក Antonio Guterres (ស្តាំ)
លោក Stephane Dujarric និង លោក Antonio Guterres (ស្តាំ)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត