កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលផ្លោងរំលង​ប្រទេស​ជប៉ុន ខណៈអាម៉េរិកស្នើឱ្យមានការចរចាបញ្ចប់ភាពតានតឹង
N
Nary Vann
04 តុលា 2022 03:30 AM

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរំលងប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំកាលពីថ្ងៃអង្គារទី ៤ ខែតុលា ដោយបានជំរុញឱ្យមានការព្រមានសម្រាប់អ្នកស្រុកក្នុងការការពារ និងការផ្អាកប្រតិបត្តិការរថភ្លើងបណ្តោះអាសន្ននៅភាគខាងជើងប្រទេសជប៉ុន។ ខណៈ សហរដ្ឋអាម៉េរិកបានលើកឡើងថា ផ្លូវទៅកាន់កិច្ចចរចានៅតែបើកចំហ ហើយបានជំរុញឱ្យទីក្រុងព្យុងយ៉ាងចៀសវាងសកម្មភាពបង្កអស្ថិរភាពបន្ថែមទៀត។

រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​ពលរដ្ឋ​ឱ្យ​ការពារ​ខ្លួន​ ខណៈ​ដែល​មីស៊ីល​ទំនង​ជា​បាន​ហោះ​រំលង​ទឹកដី​របស់​ខ្លួន​មុន​នឹង​ធ្លាក់​ចូល​សមុទ្រ​ប៉ាស៊ីហ្វិក។ រដ្ឋាភិបាលបានឱ្យដឹងថា ខ្លួនមិនបានប្រើប្រាស់វិធានការការពារណាមួយដើម្បីកម្ទេចមីស៊ីល ដែលហោះរំលងប្រទេសជប៉ុនដំបូងចាប់តាំងពីឆ្នាំ ២០១៧ នោះទេ។ 

អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាហ៊្សូនូ (Hirokazu Matsuno) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «សកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលផ្លោងម្ដងហើយម្ដងទៀត បានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន ក៏ដូចជាសន្តិសុខក្នុងតំបន់ និងសហគមន៍អន្តរជាតិ និងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិទាំងមូល រួមទាំងប្រទេសជប៉ុនផងដែរ»។ 

លោក ហ៊ីរ៉ូកាហ្សូ ម៉ាហ៊្សូនូ 
លោក ហ៊ីរ៉ូកាហ្សូ ម៉ាហ៊្សូនូ 

ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗនោះ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានហៅសកម្មភាពរបស់កូរ៉េខាងជើងថាជាអំពើព្រៃផ្សៃ ហើយថារដ្ឋាភិបាលនឹងបន្តប្រមូល និងវិភាគព័ត៌មានបន្ថែមទៀត។

ជុំវិញបញ្ហានេះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានលើកឡើងថា មីស៊ីលនោះហាក់ដូចជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) និងត្រូវបាញ់ចេញពីខេត្ត ចាហ្កាង (Jagang) របស់កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់ខេត្តនោះ ដើម្បីបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់នាពេលថ្មីៗនេះ ដែលត្រូវបានគេស្គាល់ថាជា មីស៊ីលល្បឿនលឿនជាងសំឡេង។ យ៉ាងណាមិញ ទូរទស្សន៍អាសាហ៊ី (Asahi) ដែលដកស្រង់ពីប្រភពរដ្ឋាភិបាលមិនបញ្ចេញឈ្មោះ បានកត់សម្គាល់ថា កូរ៉េខាងជើងប្រហែលជាបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ហើយវាបានធ្លាក់ចូលទៅក្នុងសមុទ្រប្រហែល ៣ ពាន់គីឡូម៉ែត្រពីប្រទេសជប៉ុន។

ការបាញ់បង្ហោះមីស៊ីលលើកចុងក្រោយនេះ គឺជាការបាញ់បង្ហោះជាលើកទី ៥ របស់ទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល ១០ ថ្ងៃ ចំពេលមានការពង្រឹងសាច់ដុំយោធាដោយសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង តាមរយៈការធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកត្រីភាគីកាលពីសប្តាហ៍មុន ជាមួយកងកម្លាំងជើងទឹកជប៉ុន។ ប្រទេសកូរ៉េខាងត្បូង បានធ្វើការបង្ហាញអាវុធទំនើបៗរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន រួមមាន គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ មីស៊ីលផ្លោង រថក្រោះប្រយុទ្ធសំខាន់ៗ យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង F-35។

ទន្ទឹមគ្នានេះ អ្នកការទូតកំពូលរបស់សហរដ្ឋអាម៉េរិកប្រចាំតំបន់អាស៊ីបូព៌ា បានពណ៌នាការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងរំលងប្រទេសជប៉ុនកាលពីថ្ងៃអង្គារថាជារឿងអកុសល ប៉ុន្តែបានបន្ថែមថា ផ្លូវទៅកាន់កិច្ចចរចានៅតែបើកចំហ ហើយបានជំរុញឱ្យទីក្រុងព្យុងយ៉ាងចៀសវាងសកម្មភាពបង្កអស្ថិរភាពបន្ថែមទៀត។ លោក ដានីញ៉ែល គ្រីថិនប្រ៊ីក (Daniel Kritenbrink) ជំនួយការលេខាធិការក្រសួងការបរទេសសម្រាប់កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានធ្វើអត្ថាធិប្បាយមួយថា៖ «យើងជំរុញឱ្យកូរ៉េខាងជើងប្រកាន់យកកិច្ចសន្ទនា ប្តេជ្ញាចំពោះទំនាក់ទំនងការទូតដ៏ធ្ងន់ធ្ងរ និងនិរន្តរភាព ហើយបដិសេធពីសកម្មភាពអស្ថិរភាពបន្ថែមទៀត»។ លោកបន្ថែមថា ប្រទេសចិន និងរុស្ស៊ីចាំបាច់ត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីរារាំងកុំឱ្យកូរ៉េខាងខាងជើងគេចវេសពីទណ្ឌកម្មបាន។ 

គួរបញ្ជាក់ថា សមាជិកសភាកូរ៉េខាងត្បូងបានអះអាងកាលពីសប្តាហ៍មុនថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរ ហើយទំនងជាអាចនឹងធ្វើឡើងក្នុងចន្លោះសមាជបក្សកុម្មុយនីស្ដចិនក្នុងខែនេះ និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។

លោក ដានីញ៉ែល គ្រីថិនប្រ៊ីក
លោក ដានីញ៉ែល គ្រីថិនប្រ៊ីក
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត