
រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ តែយើងមិនត្រូវមានភាពទន់ខ្សោយខាងផ្នែកសីលធម៌ក្នុងការគ្រប់គ្រងខាងកីឡានោះទេ...។
ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី «OCA» លើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពមិនប្រក្រតីបន្ទាប់ពីការប្រកួតបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ី ជួបនូវឧបទ្ទវហេតុមនុស្សរត់ជាន់គ្នាស្លាប់ និងបានណែនាំឱ្យតំបន់អាស៊ីមានការពង្រឹងនូវក្របខ័ណ្ឌក្រមសីលធម៌ក្នុងការគ្រប់គ្រងខាងកីឡា...។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ចំណុចទីពីរ គឺជាចំណុចអំពីវិធានការ នៃការពង្រឹងក្រមសីលធម៌ នៃការប្រកួត! ហេតុអ្វីទៅ..? ដោយសារតែបញ្ហាការប្រកួត យើងឃើញថា [សោកនាដកម្ម] មួយចំនួន..បានកើតឡើង ជាពិសេស ថ្មីៗនេះនៅឥណ្ឌូណេស៊ី អំពីហិង្សា និងការរត់ជាន់គ្នាស្លាប់ នៅប្រទេសមួយចំនួននៅអឺរ៉ុប ក៏មានព្រឹត្តិការណ៍កើតឡើង នៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង ដូច្នេះ វាជាការចាំបាច់ណាស់ ដែលការពង្រឹងនូវក្របខ័ណ្ឌក្រមសីលធម៌ អំពីការប្រកួត ដែលវាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ»។
គួររំលឹកផងដែរថា បន្ទាប់ពីការប្រកួតបាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ីរវាងក្រុម Arema FC និង Persebaya Surabaya បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ទី១ ខែតុលា អ្នកគាំទ្រក្រុមចាញ់បានលុកលុយចូលទីលានប្រកួត ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាការឆ្លើយតប ដែលបង្កឱ្យមានការរត់ជាន់គ្នា និងធ្វើឱ្យមនុស្សមួយចំនួនមានបញ្ហាថប់ដង្ហើម។ សោកនាដកម្មក្នុងទីក្រុងម៉ាឡាងនេះ បានធ្វើឱ្យមនុស្សសរុបចំនួន១២៥នាក់ បានស្លាប់ ក្នុងនោះមានកុមារចំនួន៣២នាក់ និងមនុស្ស៣២៣នាក់ផ្សេងទៀត បានរងរបួស។

យ៉ាងណាមិញ សម្តេចតេជោ ក៏បានសម្ដែងនូវការងឿងឆ្ងល់ចំពោះវិស័យកីឡានៅតំបន់អាស៊ី ដែលមានភាពទន់ខ្សោយជាងទ្វីបអាម៉េរិកឡាទីន និងអឺរ៉ុប ជាពិសេស កីឡាបាលទាត់តែម្ដង ខណៈប្រជាជននៅតំបន់អាស៊ី មានច្រើនជាងតំបន់អឺរ៉ុបទៅទៀត។ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា៖ «អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅ បានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ ជាពិសេស បើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថា ប្រជាពលរដ្ឋរបស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត៣ពាន់លាននាក់ បូកនឹងអាស៊ានប្រមាណជាង៦០០លាននាក់ទៀត និងបូកនឹងបណ្ដាប្រទេសនានា ប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏យើងក៏ពិបាកចូល ហើយក៏មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចចូលក្នុងវគ្គជម្រុះ World cup ជារៀងរាល់ពេល»។ សម្ដេចតេជោ បន្ថែមថា ឆ្នាំនេះយើងពិតជាមានមោទនភាពណាស់ ដែលមានប្រទេសក្នុងតំបន់ធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ World cup កើតឡើង ហើយសម្ដេចសង្ឃឹមថាយើងនឹងទទួលបានផ្លែផ្កាពីការប្រកួតនៅទីនោះផងដែរ...៕







