
រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃចន្ទទី ៣ ខែតុលា បានអំពាវនាវឱ្យប៉ូលីសរបស់ប្រទេសនេះ កំណត់អត្តសញ្ញាណ និងដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះការរត់ជាន់គ្នាក្នុងកីឡដ្ឋាន ដែលបានបណ្តាលឱ្យមនុស្ស ១២៥ នាក់ស្លាប់ក្នុងនោះមានកុមារ ៣២ នាក់ ខណៈដែលកំហឹងបានកើតមានឡើងចំពោះគ្រោះមហន្តរាយដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។
សោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍នៅក្នុងទីក្រុងម៉ាឡាងក៏បានបណ្តាលឱ្យមនុស្សចំនួន ៣២៣ នាក់បានរងរបួសផងដែរ បន្ទាប់ពីក្រុមមន្រ្តីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងពហុកីឡដ្ឋាន ដើម្បីទប់ទល់នឹងការលុកលុយក្នុងទីលានដែលបង្កឱ្យមានការរត់ជាន់គ្នា។ ប្រមុខសន្តិសុខឥណ្ឌូណេស៊ី លោក Mahfud MD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងស្នើឱ្យប៉ូលីសជាតិស្វែងរកជនល្មើសដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។ លោកបានបន្ថែមថា យើងបានស្នើឱ្យពួកគេបង្ហាញអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយត្រូវតែចាត់វិធានការប្រឆាំងនឹងពួកគេ ហើយយើងក៏សង្ឃឹមថា នគរបាលជាតិនឹងវាយតម្លៃនីតិវិធីសន្តិសុខរបស់ពួកគេ។

ដំបូងឡើយ ឥណ្ឌូណេស៊ីបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១៧៤ នាក់ ប៉ុន្តែក្រោយមកអភិបាលរងខេត្តជ្វាខាងកើត លោក Emil Dardak បានប្រាប់ទូរទស្សន៍ Metro TV ថា អ្នកស្លាប់មានត្រឹម ១២៥ នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ការកែតម្រូវនេះកើតឡើងដោយសារការរាប់លើសចំនួនកាលពីលើកមុន។
ក្រុមអាជ្ញាធរបានបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានបង្កើតក្រុមឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើសោកនាដកម្មនៅឯកីឡដ្ឋានបាល់ទាត់ ខណៈដែលគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសនេះបានចោទសួរប៉ូលីសដែលប្រើឧស្ម័នបង្ហូរទឹកភ្នែក។ រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូណេស៊ីបានបង្ហាញថា រដ្ឋាភិបាលនឹងបង្កើតក្រុមស្វែងរកការពិតឯករាជ្យ រួមទាំងអ្នកសិក្សា និងអ្នកជំនាញបាល់ទាត់ ក៏ដូចជាមន្ត្រីរដ្ឋាភិបាល ដើម្បីស៊ើបអង្កេតពីអ្វីដែលបានកើតឡើង។ លោកបានបន្តថា ក្រុមនោះនឹងស៊ើបអង្កេតសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខ ក្នុងគោលបំណងស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះសោកនាដកម្មនេះ។
ឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅពេលដែលអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Arema FC បានសម្រុកចូលទីលាននៅឯកីឡដ្ឋាន Kanjuruhan បន្ទាប់ពីពួកគេចាញ់ការប្រកួតក្នុងលទ្ធផល ៣ ទល់នឹង ២ លើគូប្រជែងក្រុម Persebaya Surabaya ។ យោងតាមសាក្សីបានឱ្យដឹងថា ប៉ូលីសបានឆ្លើយតបដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងផ្ទៃរាបស្មើ ដែលធ្វើឱ្យអ្នកទស្សនាប្រញាប់ប្រញាល់ទៅកាន់ច្រកទ្វារតូចៗ ដែលមានមនុស្សជាច្រើនបានជាន់គ្នា ឬថប់ដង្ហើមស្លាប់។
ប៉ូលីសបានពណ៌នាឧបទ្ទវហេតុនេះថាជា«កុបកម្ម» ដែលមន្ត្រីពីរនាក់ត្រូវបានសម្លាប់ ប៉ុន្តែអ្នកនៅរស់បានចោទប្រកាន់ពួកគេថាមានប្រតិកម្មហួសហេតុ និងបណ្តាលឱ្យអ្នកទស្សនាជាច្រើននាក់ស្លាប់ រួមទាំងក្មេងប្រុសអាយុប្រាំឆ្នាំម្នាក់ផងដែរ៕






