
(រាជធានីភ្នំពេញ)៖ ដើម្បីធ្វើឱ្យវិស័យកីឡា កាន់តែប្រសើរក្នុងតំបន់អាស៊ី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវឧត្តមានុវត្តន៍ល្អៗ នៅក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី «OCA» លើកទី៤១នេះ ពាក់ព័ន្ធទៅនឹងការរៀបចំព្រឹត្តិការណ៍កីឡា ការគ្រប់គ្រង និងការអភិវឌ្ឈបច្ចេកទេសកីឡា...។

សម្តេចតេជោ លើកឡើងបែបនេះ ក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី «OCA» លើកទី៤១ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់ការលើកទឹកចិត្តនូវចំណុចគន្លឹះមួយចំនួន រួមមាន៖ សូមក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព ដែលរួមចំណែកដល់ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

ម្យ៉ាងវិញទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់អត្តពលិកកម្ពុជា ឱ្យបានដល់កម្រិតដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តាប្រទេសសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី មេត្តាផ្ដល់នូវការគាំទ្រគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យខ្ពស់»។

គួររំលឹកផងដែរថា មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ១០ប្រទេសបន្ថែមទៀត។ ក្រៅពីនោះ ក៏នៅមានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ មួយចំនួនទៀតផងដែរ...៕



