សម្តេចតេជោ ការផ្ដល់ជូនបណ្ណក្រីក្រដល់ប្រជាពលរដ្ឋនៅភូមិរុនតាឯក មិនមែនជាការឃោសនាបោះឆ្នោតឡើយ
K
Kimhuoy Klaing
03 តុលា 2022 08:15 AM

(រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការប្រកាសផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិ​​នមែនជាការឃោសនាបោះឆ្នោតនោះទេ...។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ៣ ៨៦៦នាក់ នៅមជ្ឈមណ្ឌលជ្រោយចង្វា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ចំពោះការលើកឡើងពីសំណាក់បុគ្គលមួយចំនួន ជុំវិញការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក ប្រៀបដូចជាការឃោសនាបោះឆ្នោតមុនរយៈពេលកំណត់ ដែលផ្ទុយនឹងច្បាប់ ខណៈការផ្ដល់បណ្ណក្រីក្រនេះ គឺមិនផ្ទុយនឹងច្បាប់ទេ ពោលមានតែលើកកម្ពស់ជីវភាពរបស់ពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបយ៉ាងដូច្នេះថា «គេចោទ[ខ្ញុំ]ថា លោក ហ៊ុន សែន យកបណ្ណក្រីក្រធ្វើការឃោសនាបោះឆ្នោតមុនកាលកំណត់! ខ្ញុំសូមបញ្ជាក់ទៅវិញថា ក្នុងឋានៈ[ខ្ញុំ]ជានាយករដ្ឋមន្ដ្រី ដែលដាក់ចេញនូវបទបញ្ជា និងអនុវត្តនយោបាយ នៃការដាក់បណ្ណក្រីក្រ..[ខ្ញុំ]..មានសិទ្ធិនិយាយ»

គួររំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២ ៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្ដេចតេជោ បានសម្រេចប្រគល់បណ្ណសមធម៌ (បណ្ណក្រីក្រប្រភេទ១) ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព។ យ៉ាងណាមិញ ប្រជាពលរដ្ឋកាន់បណ្ណក្រីក្រប្រភេទទី២ ដែលបានរុះរើមករស់នៅតំបន់រុនតាឯក ត្រូវប្តូរយកបណ្ណសមធម៌ (បណ្ឌក្រីក្រប្រភេទ១) ទាំងអស់គ្នា ខណៈចំណូលដែលទទួលបានពីបណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ការលំបាករបស់ប្រជាពលរដ្ឋ បានមួយកម្រិតថែមទៀតផង។

គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ៨០០លានដុល្លាររួចហើយ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត