
(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីឥណទានដោយមានការប្រាក់ទាបជូនដល់ពលរដ្ឋដែលនឹងមកសាងសង់លំនៅឋាននៅភូមិធម្មជាតិរុនតាឯក ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋមានដើមទុនប្រកបមុខរបរផ្សេងៗនៅតំបន់នោះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥៩៤គ្រួសារដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ទៅសាងសង់លំនៅឋានថ្មីនៅភូមិធម្មជាតិរុនតាឯកនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ដូច្នេះថា៖«ជួយផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋដែលបានមករស់នៅតំបន់រុនតាឯក ដោយអត្រាការប្រាក់ទាប និងមានក្តីអនុគ្រោះ ពីព្រោះបងប្អូនអាចនឹងត្រូវការទុនដើម្បីបង្កើតមុខរបរ។ ដូច្នេះខ្ញុំអំពាវនាវដល់មីក្រូហិរញ្ញវត្ថុផ្តល់ការយោគយល់សម្រាប់អ្នកនៅតំបន់រុនតាឯក អ្នកដែលមិនទាន់មករស់នៅ កុំទាន់អាលឲ្យខ្ចី ពីព្រោះមិនទាន់ដឹងតែទៅណា(ខ្ចីហើយទៅបាត់) អ្នកដែលគ្រប់លក្ខខណ្ឌសូមឲ្យទទួលបាននូវសេវាមីក្រូហិរញ្ញវត្ថុ»។
គូសបញ្ជាក់ថាគិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា មន្ត្រីជំនាញបានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី៕
សូមស្តាប់ និងទស្សនាវីដេអូ ប្រសាសន៍ដើមសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៖





