តំបន់[រុនតាឯក] នឹងក្លាយជាក្រុងរណបថ្មីរបស់ខេត្តសៀមរាប ក្រោយរាជរដ្ឋាភិបាលកម្ពុជា ជំរុញស្ថាប័នពាក់ព័ន្ធពន្លឿនការអភិវឌ្ឍ
K
Kimhuoy Klaing
10 កញ្ញា 2022 04:00 AM

(រាជធានីភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍតំបន់[រុនតាឯក] ទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្តេចវិបុលបញ្ញា សុខ អាន និងឱ្យក្លាយទៅជាទីក្រុងរណបថ្មី។ នេះបើតាមការលើកឡើង នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២...។

តំបន់រុនតាឯកនេះ ជាតំបន់សម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ដោយមានការរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ផ្លូវលំ សាលារៀន មន្ទីរពេទ្យ សេវាទឹកស្អាត និងអគ្គិសនីជាដើម។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះវាស់វែង កំណត់[និយាមកា]ក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ១២០០នាក់ ចែកចេញជា៦៨ក្រុម រួមមាន៖ ការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរដ្ឋបាលខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ២០២២ ក្រុមការងារបោះ​បង្គោល​ព្រំ​ដី​ និង​ស្លាក​លេខ​ដី​ឡូតិ៍បាន​ចំនួន​សរុប​១៤២៧​ឡូតិ៍​ ក្នុង​នោះ​ដី​ឡូតិ៍​ដែល​បាន​ចាប់​ឆ្នោត​រួច​មានចំនួន​១​១១៧ឡូតិ៍ ​និងបាន​បោះបង្គោល​ព្រំ ​និង​ស្លាក​លេខ​រួច​រាល់​ផង​ដែរ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានថ្លែងនូវការកោតសរសើរដល់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំ និងសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបំពេញតាមលក្ខខណ្ឌនៃការបន្ត ការថែរក្សាសម្បត្តិបេតិកភណ្ឌនៅតំបន់រមណីយដ្ឋានអង្គរ ជា [បេតិកភណ្ឌពិភពលោក]

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត