
ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅរស់នៅក្នុងភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរ...។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋផ្លាស់លំនៅមករស់នៅ ភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី០១ ខែតុលា ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាវត្តអារាមទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺមិនមានការរុះរើនោះទេ ពោលគឺរក្សានៅដដែល។ ផ្ទុយទៅវិញ សម្ដេចមិនអនុញ្ញាឱ្យមានការកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹះសាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ ហើយក៏មិនអនុញ្ញាតឱ្យមានការកសាងចេតិយ អាស្រម រូបសំណាក ឬ បដិមាគោរពបូជាដែរ។ មួយវិញទៀត សម្ដេចមិនអនុញ្ញាតឱ្យយកសពទៅកប់ ឬបូជាក្នុងវត្តអារាម នៅតំបន់រមនីយដ្ឋានអង្គរនោះដែរ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្តយូរណាស់មកហើយ។

យ៉ាងមិញ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យមានការលក់ដូរ ហូបចុក នៅតាមវត្តអារាមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរាត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងណែនាំប្រជាពលរដ្ឋដែលលក់ដូរនៅតំបន់នោះឱ្យបានល្អប្រសើរ។ ដូច្នេះ ទាំងអាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឱ្យបានល្អ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍតំបន់[រុនតាឯក]នេះ ទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្តេចវិបុលបញ្ញា សុខ អាន និងឱ្យក្លាយទៅជាទីក្រុងរណបថ្មី៕










