
តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធានៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា បានកាត់ទោសមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែងលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) និងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី គឺលោក Sean Turnell ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។
អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស ដែលមានទោសអតិបរមា ១៤ ឆ្នាំ ប៉ុន្តែពួកគេបានបដិសេដមិនទទួលកំហុស។ ប្រភពដែលបដិសេធមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហាបានបញ្ជាក់ថា៖«លោកស្រី អ៊ុង សានស៊ូជី និងលោក Turnell ត្រូវជាប់ពន្ធនាគារម្នាក់ ៣ ឆ្នាំ តែមិនត្រូវដាក់ទោសឱ្យធ្វើការធ្ងន់នោះទេ»។

លោកស្រី អ៊ុង សានស៊ូជី លោក Turnell និងសមាជិកមួយចំនួននៃក្រុមសេដ្ឋកិច្ចរបស់លោកស្រីស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលត្រូវបានចាប់ខ្លួនចាប់តាំងពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារកាលពីដើមឆ្នាំមុន រួមទាំងអ្នកនយោបាយ សមាជិកសភា ការិយាធិបតេយ្យ សិស្ស និងអ្នកកាសែត។
មែនទែនទៅ ម្ចាស់រង្វាន់ណូបែល លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាង ១៧ ឆ្នាំ រួចហើយ នៅក្នុងករណីដាច់ដោយឡែក ដែលភាគច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយ។ លោកស្រីបដិសេធរាល់ការចោទប្រកាន់មកលើខ្លួន។ ខណៈ លោក Turnell ដែលជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Macquarie ក្នុងប្រទេសអូស្ត្រាលី ក៏ត្រូវបានឃុំខ្លួនផងដែរចាប់តាំងពីប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋប្រហារ។

ការិយាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី និងក្រសួងការបរទេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ធ្លាប់បាននិយាយថា ទីក្រុងកង់បេរ៉ា បានច្រានចោលសេចក្តីសម្រេចរបស់តុលាការ ដើម្បីដាក់ឱ្យលោក Turnell កាត់ទោស។
គួរបញ្ជាក់ថា ការកាត់ទោសនៅថ្ងៃព្រហស្បតិ៍ ធ្វើឡើងនៅក្នុងតុលាការបិទទ្វារក្នុងរដ្ឋធានីណៃពីដោ។ បទល្មើសពិតប្រាកដរបស់ចុងចោទនៅក្រោមច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេសនៅតែមិនច្បាស់លាស់ ទោះបីជាប្រភពមួយបានបង្ហាញពីមុនថា បទល្មើសរបស់លោក Turnell ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកមានឯកសាររបស់រដ្ឋាភិបាល។
អ្នកនាំពាក្យរបបយោធាមិនបានលើកទូរសព្ទ ដើម្បីស្វែងរកការអត្ថាធិប្បាយទេ។ របបយោធាទទូចថាតុលាការរបស់មីយ៉ាន់ម៉ាមានភាពឯករាជ្យ ហើយថាអ្នកដែលត្រូវបានចាប់ខ្លួនកំពុងទទួលបាននីតិវិធីត្រឹមត្រូវ៕



