តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាលត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន
E
Edy Hak
28 កញ្ញា 2022 10:00 AM

(ខេត្តកំពង់ឆ្នាំង)៖ តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរសម្រេចផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន បន្ទាប់ពីមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ បណ្តាលឱ្យដាច់កំណាត់ផ្លូវឆ្ពោះទៅតំបន់ទឹកធ្លាក់ ដោយអន្លើៗ....។

យោងតាមលិខិតជនដំណឹងរបស់រដ្ឋបាលស្រុកទឹកផុស​ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរស្រុក បានសម្រេចផ្អាកការឱ្យមានការធ្វើចរាចរឆ្លងកាត់ទៅកាន់ តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ព្រោះតែមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះជាប់ៗគ្នា ជាហេតុធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងនូវការខូចខាត ខណៈតំបន់ខ្លះមានទឹកហូរច្រោះដាច់ដោយអន្លើៗក៏មាន ដូច្នេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ ទើបអាជ្ញាធរសម្រេចផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន រង់ចាំដល់ទឹកស្រក ទើបមានការជូនដំណឹងជាថ្មី។

បន្ថែមលើនេះ រដ្ឋបាលស្រុកទឹកផុស ក៏ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរទាំងអស់សូមផ្អាកធ្វើដំណើរទៅកាន់ទីតាំងខាងលើ ដែលអាចនឹងជួបនូវបញ្ហាប្រឈមនានា។ អាស្រ័យហេតុនេះ ដើម្បីរក្សាបាននូវស្ថិរភាព សុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមានបំណងចង់មកលេងកម្សាន្ត នៅតំបន់ទេសចរណ៍ធម្មជាតិថ្មក្រាល សូមរង់ចាំការជូនដំណឹងជាថ្មី ពីសំណាក់អាជ្ញាធរសមត្ថកិច្ច ជាមុនសិន ចាំធ្វើដំណើរទៅលេងកម្សាន្ត...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត