ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» និពន្ធដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈថ្ងៃនេះ
R
Rorn Phork
28 កញ្ញា 2022 11:00 AM

(រាជធានីភ្នំពេញ)៖ ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» និពន្ធដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។ ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា បានបញ្ជាក់ឱ្យដឹងថា ខ្សែភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” មានរយៈពេល៣១នាទី ដែលមានអត្ថន័យ អត្ថរស និងខ្លឹមសារគ្រប់គ្រាន់ស្របតាមសាច់រឿងពិតរបស់សម្ដេចតេជោ ដ្បិតឈុតឆាកនីមួយៗ អ្នកដឹកនាំសម្ដែងលោក ហ្វៃ សំអាង បានគោរពសុំអនុសាសន៍ពីសម្តេចតេជោបន្ថែម ដើម្បីសម្រិតសម្រាំងឱ្យល្អបំផុត។

លោកស្រី ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា៖ “ភាពយន្តចម្រៀងនេះ ចំណាយអស់ជាង១២ម៉ឺនដុល្លារ ហើយផែនការបន្ទាប់ មានគម្រោងផលិតភាពយន្តចម្រៀងរបស់សម្ដេចពុកជាច្រើនទៀត។ ភាពយន្តចម្រៀងបទ “ជីវិតក្មេងវត្ត” ជាការផលិតឡើងដោយយកចិត្តទុកដាក់ និងសម្រិតសម្រាំងបំផុតពីគណៈគ្រប់គ្រងភាពយន្ត​ ដែលបានចំណាយពេលថត និងកាត់តជិតមួយឆ្នាំ”។ នេះជាវណ្ណកម្មដ៏វិសេសវិសាលបំផុត ដែលផលិតករ តួសម្តែង ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកឧបត្ថម្ភគាំទ្រ ជាពិសេស អ្នកដឹកនាំរឿង លោក ហ្វៃ សំអាង រួមគ្នាយកចិត្តទុកដាក់ ប្រើអស់កម្លាំងចិត្ត សមត្ថភាព និងធនធាន ដើម្បីផលិតភាពយន្តចម្រៀងប្រវត្តិសាស្ត្រនេះឱ្យល្អបំផុត ព្រោះជាប្រវត្តិរឿងរ៉ាវ និងការតស៊ូរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីទុកជាគំរូសម្រាប់ប្រជាជនខ្មែរទូទៅ ពិសេស យុវជនដែលជាទំពាំងស្នងឫស្សី។

លោក ហ្វៃ សំអាង ក្នុងនាមអ្នកដឹកនាំសម្តែងមានសមត្ថភាព បានបង្ហាញអារម្មណ៍រំភើបចំពោះវណ្ណកម្ម ភាពយន្តចម្រៀង ជីវិតក្មេងវត្ត ហើយបានរំលឹកពីការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងឆ្លើយតប និងប្រាប់អំពីដំណាក់កាល នៃជីវិតពិតរបស់សម្តេច ដែលឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីដ៏ខ្ពស់ មិនត្រឹមជាមគ្គុទេសដឹកនាំប្រទេស ស្វែងរកសន្តិភាព ធានានូវស្ថិរភាព និងការអភិវឌ្ឍប៉ុណ្ណោះទេ តែសម្តេចថែមទាំងមានបេះដូងសិល្បៈ យកចិត្តទុកដាក់គ្រប់សេណារីយ៉ោ និងម៉ត់ចត់ជាទីបំផុត ទើបវណ្ណកម្មប្រវត្តិសាស្ត្រមួយនេះ បានសម្រេចយ៉ាងជោគជ័យដ៏ក្រៃលែង។

គួររំលឹកថា បទចម្រៀង ជីវិតក្មេងវត្ត ធ្លាប់បានផលិតជាចម្រៀងកាយវិការម្ដងហើយកាលពីឆ្នាំ២០០០ ដោយផលិតកម្មហ្សមាស ក្រោមការដឹកនាំដោយ លោក ហ្វៃ សំអាង ហើយក៏មានការគាំទ្រច្រើនពីសំណាក់មហាជន ដោយឡែកការផលិតម្ដងទៀតនេះ មានទម្រង់ជាភាពយន្តហើយល្អវិសេសវិសាលបំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត