អ្នកនាំពាក្យក្រសួងសាធារណការប្រតិកម្មនឹងការលើកឡើងរបស់អាចារ្យអេ ដែលបកស្រាយចំពោះផ្លូវល្បឿនលឿន
R
Rorn Phork
26 កញ្ញា 2022 03:00 AM

រាជធានីភ្នំពេញ៖ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានសម្ដែងការហួសចិត្ត និងថាពលរដ្ឋអាចនឹងយល់ច្រឡំ ជាមួយការបកស្រាយរបស់អាចារ្យអេ ចំពោះផ្លូវល្បឿនលឿន ដែលលោកអាចារ្យ អេ ផុសវីដេអូមួយ ក្រោមប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញើលើផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហើយ!” កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២...។

តាមរយៈហ្វេសបុកផេករបស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា ខ្ញុំបានមើលហើយ ក៏ហាក់មានការហួសចិត្ត កើតចិត្តគិតថាប្រជាពលរដ្ឋអាចមានការភាន់ច្រឡំ ជាមួយរូបភាព Cover ចំណងជើង និងខ្លឹមសារវីដេអូ ដែលបានផុសផ្សាយរបស់លោក មួយនេះ ទាំងខ្ញុំក៏ជាអ្នកគោរព អ្នកគាំទ្រនូវការផ្សាយរបស់លោក និងការចូលរួមសង្គមរបស់លោក នាពេលកន្លងមក។

លោកហ៊ាង សុទ្ធាយុត្តិ បានអះអាងថា ក្រសួងបានធ្វើការណែនាំហើយថា ល្បឿន​120km/h គឺជាល្បឿនអតិបរមា ឬហៅថាល្បឿនលឿនបំផុត សម្រាប់រថយន្តធុនស្រាលតែប៉ុណ្ណោះ។ ពោលគឺមិនបានកំណត់ថា ត្រូវតែបើកបរមិនឱ្យក្រោម ១២០គ.មក្នុងមួយម៉ោងនោះឡើយ។ «យើងខ្ញុំសូមយកឱកាសនេះ បញ្ជាក់ទៅ លោក AJA A ក៏ដូចជាគោរពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា បើទោះជាល្បឿនយឺត និងលឿនបំផុត ត្រូវបានកំណត់ជារួមក៏ពិតមែន ប៉ុន្តែនៅតាមដងផ្លូវ ក៏នៅតែមានដាក់បំពាក់នូវស្លាកសញ្ញាបញ្ជាក់ល្បឿន កំណត់ទៅតាមទីតាំង និងស្ថានភាពនៃផ្លូវ»។ នេះជាការបញ្ជាក់របស់លោកហ៊ាង សុទ្ធាយុត្តិ។

លោកជឿជាក់ថា ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវល្បឿនលឿន នឹងចូលរួមប្រកាន់ខ្ជាប់ ការគោរពច្បាប់ ដើម្បីសុវត្ថិភាពរបស់ខ្លួន និងអ្នកធ្វើដំណើរតាមដងផ្លូវ តាមការណែនាំរបស់ក្រសួងមានសមត្ថកិច្ច។ ប្រសិនបើករណីអ្នកបើកបរ បើកលើសល្បឿនកំណត់ នោះនគរបាលចរាចរណ៍ ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែនាំ ពិន័យអន្តរកាល ព្រមទាំងកាត់ពិន្ទុ ឬឈានទៅដកហូតបណ្ណបើកបរ ដើម្បីឱ្យរៀងចាល។ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ពីលក្ខខន្តិកនៃការប្រាស់ផ្លូវល្បឿនលឿនផងដែរ ដោយបញ្ជាក់ថា ល្បឿន ៦០-១២០គ.មក្នុងមួយម៉ោង។ រថយន្តគ្រួសារធុនស្រាល ល្បឿន ៦០-១០០គ.មក្នុងមួយម៉ោង រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ ៥00cc/២៧គីឡូវ៉ាត់ ឡើងទៅ និងល្បឿន ៦0-៨0គ.មក្នុងមួយម៉ោង រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត។

លោកបានក្រើនរម្លឹកទៅអាចារ្យអេថា៖ «កុំឱ្យមានការជ្រុលខុសហួសជ្រៅទៅៗ បន្ថែមទៀត។ នៅនាទី ១០:២0 ក្នុងវីដេអូ លោក AJA A បានទទួលស្គាល់ និងបានពោលថា លោកអាចច្រឡំ ប៉ុន្តែសម្តីសំដៅរបស់លោក ហាក់មិនបានបញ្ជាក់ពីការទទួលស្គាល់ និងមិនបានសម្តែងចេតនាទទួលខុសត្រូវ នៃការផ្សាយក្នុងទម្រង់នេះឡើយ»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត