
(រាជធានីភ្នំពេញ)៖ ក្រោយមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាមន្ត្រីសមត្ថកិច្ចចរាចរណ៍គោលដៅរង្វង់មូលកួចកាណុង ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ ពេលនេះ អាជ្ញាធរបញ្ជាក់ថា ជនដែលដឹកបុរសល្មើសច្បាប់នោះ ជាជនស៊ីវិល...។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានកោះហៅប្រធានគោលដៅ និងមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរ៉ាសុវត្ថិភាព នៅហាងបញ្ចាំយីហោ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា៖ នៅវេលាម៉ោងប្រហែលជិត១១:០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន០២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង០២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ ។

ជាមួយគ្នានោះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឱ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាលចរាចរណ៍ណាម្នាក់ នៅគោលដៅខាងលើដែរ ឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់...។
ទោះយ៉ាងណា មហាជន បានសម្តែងការសោកស្ដាយ ដែលប៉ូលីសចរាចរណ៍បណ្តោយឱ្យមានជនស៊ីវិលបន្លំខ្លួនធ្វើការជាមួយអាជ្ញាធរ រហូតឈានទៅដល់ឌុបជនល្មើសច្បាប់យកទៅបញ្ចាំទូរសព្ទបាន ហើយមិនមានមន្ត្រីប្រចាំការនៅទីនោះបានដឹង ដែលជារឿងមួយគួរឱ្យហួសចិត្តផងដែរ។ បន្ថែមលើនេះ ប្រជាពលរដ្ឋ ក៏បានសំណូមពរឱ្យមន្ត្រីចរាចរណ៍បញ្ឈប់សកម្មភាព ពេលចាប់ឃាត់ប្រជាពលរដ្ឋល្មើសច្បាប់ហើយដេញឱ្យទៅជួបមេ ពីម្នាក់ទៅម្នាក់ រកច្បាស់លាស់មិនឃើញ ដែលសកម្មភាពនេះ គឺតែងកើតមាននៅតាមបណ្តាស្តុបមួយចំនួននៅរាជធានីភ្នំពេញ ដូច្នេះ សូមបញ្ឈប់សកម្មភាពមិនសមរម្យនេះតទៅទៀត បើមន្ត្រីណាមេ..ឱ្យដឹងថាមេ កុំដេញម្ដងទៅជួបអ្នកនេះ ម្ដងទៅជួបអ្នក គ្មានភាពច្បាស់លាស់ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់នោះ..៕
សូមទស្សនាវីដេអូព័ត៌មាន៖



