ទីបំផុត UEFA សម្រេចដករុស្ស៊ី ចេញពី European Championship ឆ្នាំ២០២៤ ជាផ្លូវការហើយ
Serichopon Ye
21 កញ្ញា 2022 05:00 AM

(បាល់ទាត់)៖ នៅទីបំផុតសហភាពសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចដកក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ចេញពីការចាប់ពូលក្នុងវគ្គជម្រុះពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុប UEFA European Championship ឆ្នាំ២០២៤ ជាផ្លូវការហើយ។ ទន្ទឹមនឹងនោះ ក្រុមជម្រើសជាតិរុស្ស៊ី ក៏ត្រូវនៅបន្តហាមឃាត់ការប្រកួតទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីជាការឆ្លើយតបចំពោះការការចូលលុកលុយលើប្រទេសអ៊ុយក្រែន...។

ទាក់ទងនឹងបញ្ហានេះដែរ សហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហភាពសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានកោះប្រជុំប្រទេសជាសមាជិកភាព ដើម្បីសម្រេចដកក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីចេញពីពានរង្វាន់ទ្វីបអឺរ៉ុបមួយនេះ តាំងពីអំឡុងខែកុម្ភៈ បន្ទាប់ពីមានការចូលឈ្លានពានប្រទេសអ៊ុយក្រែន និងបានដាក់ឱ្យក្រុមបាល់ទាត់រុស្ស៊ីទាំងអស់ មិនថាក្រុមជាតិ ឬក្លឹបក្នុងលីគទេ នឹងត្រូវផ្អាកសកម្មភាពនៃការចូលរួមប្រកួតរបស់ FIFA និង UEFA ទាំងអស់។ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា(CAS) បានទាត់ចោលបណ្តឹងឧទ្ធរណ៍ ដែលដាក់ដោយសហព័ន្ធបាល់ទាត់រុស្ស៊ី និងក្លឹបបាល់ទាត់នៅប្រទេសរុស្ស៊ីចំនួន៤ ដែលបានប្រឆាំងនឹងការសម្រេចរបស់ FIFA និង UEFA កាលពីខែកក្កដាកន្លងទៅ។

ជាមួយគ្នានោះ UEFA ក៏បានបញ្ជាក់ថា រុស្ស៊ីនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នេះទេ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន បានជួបប្រជុំគ្នានៅទីក្រុង Hvar ប្រទេសក្រូអាត ហើយបានអនុម័តនីតិវិធីសម្រាប់ការចាប់ពូលក្នុងវគ្គជម្រុះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែតុលានៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការប្រកួតដណ្តើមពានរង្វាន់ European Championship នាឆ្នាំ២០២៤ខាងមុខនេះ។

គួរបញ្ជាក់ថា តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បានទាត់ចោលសំណើរបស់សហព័ន្ធបាល់ទាត់រុស្ស៊ី ដើម្បីបញ្ចប់ក្ដីសង្ឃឹមរបស់រុស្ស៊ីដែលមានបំណងចូលរួមការប្រកួត World Cup នៅប្រទេសកាតា នៅចុងឆ្នាំនេះផងដែរ៕

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត