
(ខេត្តព្រះសីហនុ)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុថា នារីៗរកស៊ីផ្លូវភេទចម្រុះជាតិសាសន៍ ដែលរួមមាន៖ ជនជាតិចិន វៀតណាម និងខ្មែរ បានបើកអាជីវកម្មជួញដូរផ្លូវភេទយ៉ាងអាណាធិបតេយ្យ នៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានោះ ក៏មានជនជាតិចិន ឥណ្ឌូណេស៊ី និងវៀតណាមមួយចំនួនទៀត នាំគ្នាលួចលាក់បើកបនល្បែងកាស៊ីណូអនឡាញ បង្កឱ្យមានករណីបង្ខាំងមនុស្សធ្វើការខុសច្បាប់ ខណៈដែលអាជ្ញាធរចុះបង្ក្រាប ហាក់បីដូចជាវែកចកកណ្តាលទន្លេ...។

ប្រជាពលរដ្ឋរស់នៅតំបន់អូរត្រេះ និងតំបន់ខ្សាច់-ស នៃខេត្តព្រះសីហនុ បានបង្ហើបប្រាប់ SBM News ដោយសុំមិនបង្ហាញអត្តសញ្ញាណថា បច្ចុប្បន្ន ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយមិនហ៊ានចេញដើរនៅពេលយប់ទេ ព្រោះតំបន់ទាំងពីរខាងលើនេះ សម្បូរជនជាតិចិនរស់នៅ ផឹកស៊ីឡូឡា ឧស្សាហ៍ឈ្លោះគ្នាណាស់ ហើយពួកជនជាតិចិនទាំងនោះ ភាគច្រើនសុទ្ធតែមានអាវុធប្រើប្រាស់ជាប់ខ្លួន។ ពេលខឹងឈ្លោះគ្នាម្ដងៗ ពួកគេ តែងតែយកកាំភ្លើងបាញ់បោះសេរី និងបង្កអសន្តិសុខគ្មានលស់ថ្ងៃទេ គ្រាន់តែពេលខ្លះ សមត្ថកិច្ចលាក់បាំងមិនឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយចេញក្រៅខេត្តប៉ុណ្ណោះ។ តែបើមានករណីភ្ញាក់ផ្អើលឆោឡោខ្លាំង អាជ្ញាធរទប់ស្កាត់មិនបាន ទើបមានព័ត៌មានធ្លាយចេញក្រៅបាន តែធាតុពិតភាពអសន្តិសុខ គឺកើតមានស្ទើរតែរៀងរាល់ថ្ងៃ។ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋរស់នៅតំបន់ខ្សាច់-ស និងតំបន់អូរត្រេះ។

ចំណែកប្រជាពលរដ្ឋរស់នៅភូមិ៣ សង្កាត់៣ បានឱ្យដឹងថា មានជនជាតិចិន បើកកាស៊ីណូអនឡាញ លួចលាក់ជាច្រើន ដោយបានជួលអគារទាំងជង់ៗស្នាក់នៅ និងមិនអនុញ្ញាតឱ្យបុគ្គលិកចេញពីកន្លែងធ្វើការឡើយ ពោលគឺពួកគេ បែងចែកគ្នាយាមកាមតឹងរឹងណាស់ សូម្បីតែម្ហូបអាហារដែលត្រូវបញ្ជាទិញពីខាងក្រៅ ក៏ត្រូវឱ្យអ្នកដឹកជញ្ជូនយកមកដល់កន្លែងដែរ មិនអាចចេញចូលសេរីទេ ពោលគឺត្រូវថតមុខបង្ហាញឱ្យអ្នកត្រួតពិនិត្យមើល ហើយមានការឯកភាព ថាពិតជាអ្នកដឹកជញ្ជូនម្ហូបអាហារមែន ទើបមេការជនជាតិចិននោះឱ្យចូល។ ចំពោះកាស៊ីណូអនឡាញ ដែលជនជាតិចិនភាគច្រើនបើកលួចលាក់នោះ រួមមាននៅ៖ តំបន់អគារខ្មៅ ឬជីងប៉ី៤, អគារក្រោយកាស៊ីណូ ប្រ៊ីល លានស៊ី ឬហៅ(ប៉ឡាយ) អគារជាច្រើននៅតំបន់ភូមិ៣ ភូមិ៤ តំបន់ខ្សាច់ស តំបន់អូរត្រាវ អគារ៨ជាន់(ហ័នគ័ង) និងតំបន់សេះស ដែលសម្បូរទៅដោយជនជាតិឥណ្ឌូណេស៊ីជាដើម។

ការបើកបនល្បែងកាស៊ីណូអនឡាញនេះ បានបង្កឱ្យមានករណីបង្ខាំងមនុស្សខុសច្បាប់ ព្រោះអាជីវកម្មនោះ ត្រូវបានបើកដោយលួចលាក់ ហើយអ្នកចូលទៅបម្រើការងារ ម្នាក់ៗសុទ្ធតែដឹងថាខុសច្បាប់ដែរ ប៉ុន្តែ ដោយការអូសទាញនៃការផ្ដល់ប្រាក់បៀវត្សខ្ពស់ ទើបមនុស្សមួយចំនួនចូលបម្រើការងារតាមមេខ្យល់តៗគ្នាតែម្ដង។ លុះដល់ពេលចូលបម្រើការងារមួយរយៈ ទើបដឹងថា លំបាក ទាំងការទទួលបានប្រាក់មិនតាមកិច្ចសន្យា ការបង្ខំឱ្យបម្រើសេវាកម្មផ្លូវភេទជាមួយថៅកែចិន ការប្រើឱ្យធ្វើការងារលើសកម្រិតជាដើម។ បុរសម្នាក់ ដែលមានប្អូនស្រី២នាក់ រងគ្រោះព្រោះចាញ់បាញ់មេខ្យល់ ហើយត្រូវបានសមត្ថកិច្ចជួយរំដោះ បន្ទាប់ពីមានការប្តឹងពីជនរងគ្រោះផ្សេងទៀត បានថ្លែងប្រាប់ SBM News ដោយសុំមិនបង្ហាញអត្តសញ្ញាណថា «ប្អូនស្រីខ្ញុំ ស្គាល់មេខ្យល់ម្នាក់ ថារកការងារល្អឱ្យធ្វើ ជាការងារស្របច្បាប់ លុះពេលចូលធ្វើ ស្រាប់តែបាត់ដំណឹងពួកនាងឈឹងតែម្ដង! ៣ខែមកនេះ ខ្ញុំមិនទទួលបានដំណឹងពីនាងទេ រហូតដល់សមត្ថកិច្ចចុះបង្ក្រាប ចាប់មេខ្យល់នោះបាន ហើយអាជ្ញាធរបានដោះលែងប្អូនស្រីខ្ញុំឱ្យមានសេរីភាព ទើបខ្ញុំដឹងរឿងនេះ។ ខ្ញុំមិនបានផ្តឹងផ្តល់អ្វីទេ ព្រោះពួកនោះត្រូវសមត្ថកិច្ចចាប់អស់ហើយ គឺមានតែឱ្យប្អូនៗទៅស្រុកកំណើតវិញ ទាំងអារម្មណ៍ឈឺចាប់ ព្រោះមិនចង់ឱ្យបែករឿងឆ្ងាយខូចអនាគតពួកនាង..!»

ដោយឡែក យើងងាកចេញពីរឿងល្បែងស៊ីសងអនឡាញ មកមើលអាជីវកម្មជួញដូរផ្លូវភេទនៅក្នុងក្រុងព្រះសីហនុឯណេះវិញ ក៏មិនធម្មតាប៉ុន្មានដែរ។ បើយើងធ្វើដំណើរនៅពេលរាត្រី តាមបណ្តោយដងផ្លូវចាប់ពីចំណុចរង្វង់មូលតោ២ ឆ្ពោះទៅតំបន់ខ្សាច់-ស មាននារីៗរកស៊ីផ្លូវភេទចម្រុះជាតិសាសន៍ អង្គុយត្រៀបត្រាតាមដងផ្លូវ បក់ដៃហៅភ្ញៀវចូលបន្ទប់ធ្វើអាជីវកម្មជួញដូរផ្លូវភេទយ៉ាងអាណាធិបតេយ្យ គ្មានអាជ្ញាធរណាចុះបង្ក្រាបនោះទេ។ ចំពោះតម្លៃនៃការជួញដូរវិញ គឺមានតម្លៃចន្លោះចាប់ពី១៥ដុល្លារអំឡុងពេលជួញដូរម្ដងៗ និងរហូតដល់មួយយប់១០០ដុល្លារក៏មានដែរ(សម្រាប់នារីជួញដូរតាមដងផ្លូវ)។ ចំណែក ប្រភពព័ត៌មានពីក្រុមអ្នករត់តាក់ស៊ី នៅតាមកាស៊ីណូធំៗមួយចំនួនបានឱ្យដឹងថា ចំពោះតម្លៃនារីរកស៊ីផ្លូវភេទនៅតាមកាស៊ីណូល្បីៗមួយចំនួនវិញ គឺមានតម្លៃចាប់ពី៥០០ដុល្លារដល់ទៅជាង១០០០ដុល្លារក្នុងមួយយប់ឯណោះ ភាគច្រើនជានារីវ័យក្មេងស្រស់ស្អាតចម្រុះជាតិសាសន៍ ដូចជា៖ ថៃ ចិន វៀតណាម ខ្មែរ និងមួយចំនួនមកពីអឺរ៉ុបផងដែរ។ សកម្មភាពនារីៗរកស៊ីផ្លូវភេទទាំងនោះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់តម្លៃស្ត្រីខ្មែរ និងកំពុងធ្វើឱ្យទីក្រុងព្រះសីហនុរបស់កម្ពុជា ក្លាយជាទីក្រុងប៉ាតាយ៉ាទីពីរ នៃការធ្វើអាជីវកម្មជួញដូរផ្លូវភេទ ដូចនៅប្រទេសថៃ។

ទោះយ៉ាងណា បន្ទាប់ពីមានបទបញ្ជាក្ដៅពីប្រមុខរាជរដ្ឋាភិបាល ថ្មីៗនេះ គេសង្គេតឃើញថា អាជ្ញាធរសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងមួយចំនួនដែរ ដូចជា៖ ទីតាំងអគារពាណិជ្ជកម្ម ឈ្មោះ ស៊ីង សានទីង (ហៅឆាងឆឹង) ស្ថិតនៅដីឡូតិ៍ ក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានរកឃើញជនបរទេសសរុប ៤៩៥នាក់ និងបានកំណត់បទល្មើស៦ផ្សេងៗគ្នា រួមមាន៖ បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ដោយឃាត់ខ្លួនជនបរទេសចំនួន ២៧នាក់ (ជនសង្ស័យ១២នាក់ ជនរងគ្រោះ ៥នាក់ និងនារីបម្រើសេវាផ្លូវភេទ ១០នាក់)។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ បានសម្តែងការរិះគន់ដល់អាជ្ញាធរខេត្តព្រះសីហនុថា ធ្វើសកម្មភាពចុះបង្ក្រាបពេលនេះ ក៏ព្រោះតែមានបទបញ្ជាក្ដៅពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប៉ុណ្ណោះ ព្រោះអាជីវកម្មបនល្បែងស៊ីសងអនឡាញខុសច្បាប់នេះ កើតមានឡើងយូហើយ តែអាជ្ញាធរធ្វើមិនដឹងមិនឮ ហាក់ដូចជាបិទភ្នែកបើកដៃឱ្យម្ចាស់អាជីវកម្មអនឡាញខុសច្បាប់ទាំងនោះ ធ្វើសកម្មភាពស្រេចតែចិត្ត រហូតមានការបង្ខាំងមនុស្សខុសច្បាប់ និងឈានដល់ការប្រើប្រាស់អាវុធខុសច្បាប់ជាដើម។ល។ អ្វីដែលពលរដ្ឋហួសចិត្តបំផុតនោះ គឺសមត្ថកិច្ចខេត្តព្រះសីហនុ ចុះបង្ក្រាបតែកន្លែងណាដែលមានជនរងគ្រោះស្រែកឱ្យជួយតាមរយៈការបង្ហោះសារសំឡេងតាមបណ្តាញសង្គមផ្សេងៗប៉ុណ្ណោះ ខណៈទីតាំងកាស៊ីណូអនឡាញ និងទីតាំងអាជីវកម្មជួញដូរផ្លូវភេទរីកដុះដូចផ្សិត បែរជាមើលមិនឃើញទៅវិញ ឬមួយមានផលលំបាកអ្វីនៅពីក្រោយ នៃការចុះបង្ក្រាប បានជាអាជ្ញាធរធ្វើសកម្មភាពដូចវែកចកនៅកណ្តាលទន្លេបែបនេះ...?
សូមទស្សនាវីដេអូព័ត៌មាន៖



