
(សៀមរាប)៖ គម្រោងកែលម្អប្រឡាយលូទឹកស្អុយក្នុងក្រុងសៀមរាបដែលមានប្រវែងទទឹង៥ម៉ែត្រ និងបណ្តោយ៦៣៥ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចសណ្ឋាគារសុខាទៅមហាវិថីសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នឹងលេចចេញរូបរាងនៅថ្ងៃខាងមុខ ខណៈគម្រោងនេះសម្រេចបានចំនួន៩០ភាគរយដែលនឹងបញ្ចប់ជាស្ថាពរនៅខែវិច្ឆិកាខាងមុខនេះ។

ថ្លែងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានSBM តាមទូរសព្ទនាថ្ងៃទី១៦ ខែកញ្ញា ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ប្រឡាយលូទឹកស្អុយក្នុងក្រុងសៀមរាបប្រវែង៦៣៥ម៉ែត្រ នឹងប្រែក្លាយទៅជាផ្លូវថ្មើរជើងដ៏មានភាពស្រស់បំព្រងពោរពេញទៅដោយអាងទឹក និងដើមឈើនៅសងខាងផ្លូវដែលអាចឲ្យពលរដ្ឋនៅតំបន់នោះរស់នៅប្រកបដោយផាសុកភាព។
ជាពិសេសការអភិវឌ្ឍ និងកែលម្អប្រឡាយលូទឹកស្អុយក្នុងក្រុងសៀមរាបដែលធ្លាប់តែមានក្លិនមិនល្អ នឹងប្រែក្លាយជាគោលការណ៍ទេសចរណ៍ថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យមកកម្សាន្តលេង បន្ថែមពីការមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈគម្រោងនេះ ក៏នឹងជួយឲ្យពលរដ្ឋរស់នៅតំបន់នោះអាចប្រកបមុខរបរបង្កើនប្រាក់ចំណូល និងជួយឲ្យតំបន់នោះក្លាយជាតំបន់សេដ្ឋកិច្ចដែលមានតម្លៃខ្ពស់ផងដែរ។

ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានក្តីសង្ឃឹមថា៖«កន្លែងដែលយើងកែលម្អពីទឹកកខ្វក់ ទៅជាទឹកស្អាត ហើយអាចដើរកម្សាន្ត ហើយអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេង។ នៅពេលខ្លីខាងមុខ បន្ទាប់ពីកសាងហើយ នៅអមសងខាងផ្លូវដែលមានមូលដ្ឋានរបស់ប្រជាពលរដ្ឋនោះនឹងអាចទៅជាភោជនីយដ្ឋាន ហាងកាហ្វេ ឬកន្លែងលក់ដូរផ្សេងៗ[..]»។

បើតាមឯកឧត្តម លី រស្មី គម្រោងកែលម្អប្រឡាយលូទឹកស្អុយនេះចាប់ផ្តើមអនុវត្តឡើងតាំងពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០២២ ដែលចំណាយថវិកាអស់ចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ ឯកឧត្តម លី រស្មី បានបញ្ជាក់ថា សមិទ្ធផលដែលនឹងលេចរូបរាងនេះ នឹងផ្តល់ជាគំរូក្នុងការកែប្រែតំបន់ក្នុងខេត្តដទៃទៀតឲ្យក្លាយដូចជាហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាបផងដែរ។
មន្រ្តីក្រសួងរៀបចំដែនដីរូបនេះបានថ្លែងដូច្នេះថា៖«កន្លែងផ្សេងទៀតគួរតែគិតគូរផងដែរ។ បន្ទាប់ពីក្រុមការងារខ្ញុំបានបញ្ចប់កិច្ចការងារធំៗនៅក្នុងក្រុងព្រះសីហនុ និងក្រុងសៀមរាប។ ខ្ញុំមានគោលបំណងធំៗ គឺការស្តារកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្រុងភ្នំពេញឲ្យសក្តិសមនឹងនគរូបនីយកម្មក្រុងដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច មានអាគារល្អៗច្រើនកំពុងតែបង្ហាញខ្លួន ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ចជាតិ[..]»៕














