
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) បានប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។ លោកស្រីឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជាបានសន្យាបែបនេះក្នុងឱកាសដែលលោកស្រីអញ្ជើញជួបជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។

លោកស្រីឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជាបានលើកឡើងថា តួកគីចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតជាមួយកម្ពុជា ដើម្បីឲ្យមានចលនាទេសចរទៅមកកើនឡើង។ លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ចំពោះសុខភាព អាយុជីវិតរបស់ប្រជាជនតាមរយៈការស្រោចវ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះលោកស្រីពិតជាពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាពោលគឺដូចនឹងអ្វីដែលគេផ្សព្វផ្សាយពីកម្ពុជាពិតមែន។ លោកស្រីបានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅ មានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងនៅមុខលោកស្រីអគ្គរាជទូតតួកគីប្រចាំកម្ពុជាថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កត្តាទាំងនេះហើយបានជំរុញឱ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ ពោលកើនឡើង ៧២០ភាគរយ គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២២។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ភាគីកម្ពុជា-តួកគីឯកភាពគ្នាជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខារួចរាល់នៅប្រទេសតួកគីកាលពីឆ្នាំ២០១៨ និងបានរៀបចំក្រុមការងារអនុវត្តរួចហើយដែរដើម្បីអនុវត្តឱ្យបានប្រសិទ្ធភាព ផ្លែផ្កា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរគឺផ្តោតលើការចលនាទេសចរទៅវិញទៅមក ពិសេសគឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី។ ក្រៅពីនេះ កិច្ចព្រមព្រៀងក៏ផ្ដោតលើការជំរុញអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ ខណៈតួកគីគឺមានអ្នកវិនិយោគច្រើនដែរ ហើយកម្ពុជា-តួកគីក៏ត្រូវបន្តការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការផ្លាស់ប្ដូរទស្សនកិច្ចរវាងមន្ត្រីរាជការប្រទេសទាំងពីរជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រីបានអះអាងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ គឺសុទ្ធតែអាចឱ្យយន្តហោះខ្នាតធំចុះចតបាន។ ដូច្នេះការចុះចតយន្តហោះដែលមកពីតួកគីនោះគឺមិនមែនជាបញ្ហាឡើយ៕







