
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសតួកគី បានប្តេជ្ញាចិត្តក្នុងការពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនដល់ទំហំ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃទស្សនកិច្ចទៅកាន់ប្រទេសតួកគីរបស់រដ្ឋមន្ត្រី សុខ ចិន្តាសោភា។

ការតាំងចិត្តរបស់ភាគីទាំងពីរធ្វើឡើងអំឡុង ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២៤។ មិនត្រឹមតែចង់បង្កើនទំហំពាណិជ្ជកម្មនោះទេ រដ្ឋមន្ត្រីកម្ពុជាដដែលបានបង្ហាញទៅរដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដាន ថាប្រទេសទាំងពីរគួរតែពង្រឹងវិស័យទេសចរណ៍រវាងគ្នា តាមរយៈការភ្ជាប់ជើងហោះហើរត្រង់មកកាន់រាជធានីភ្នំពេញ។

ជាការឆ្លើយតបភាគីតួកគីអះអាងថានឹងខិតខំលើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍តួកគី ឱ្យចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ ភាគីទាំងពីរក៏បាន ទទួលស្គាល់សក្ដានុពលដ៏ធំសម្រាប់ការវិនិយោគនាពេលអនាគតលើវិស័យដូចជា កសិឧស្សាហកម្ម ការអប់រំ ការកែច្នៃម្ហូបអាហារ ការអភិវឌ្ឍថាមពលបៃតង និងទេសចរណ៍។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនតួកគី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យសក្តានុពលជាច្រើនដូចជា ទេសចរណ៍ កសិកម្ម កសិ-ឧស្សាហកម្ម ភស្តុភារ ការគ្រប់គ្រងសណ្ឋាគារ និងសំណង់ជាដើម។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជំរុញឱ្យតួកគីជ្រើសរើសកម្ពុជាជាច្រកផ្លូវដើម្បីពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារដ៏ធំនៅក្រោមក្របខ័ណ្ឌនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ានដែលមានស្រាប់ និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក៏ដូចជាទីផ្សារដ៏មួយដែលមានប្រជាជនសរុបជាង៦០០លាននាក់។ សូមជម្រាបថា គិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងតួកគី និងកម្ពុជាឈានដល់១៩២លានដុល្លារ។ នេះបើយោងតាមស្ថានទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា៕




