
សហរដ្ឋអាម៉េរិក និងអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះបទឈប់បាញ់មួយដែលបានប្រកាសរវាងអាមេនី និងអាស៊ែបៃហ្សង់ បន្ទាប់ពីអំពើហិង្សាយៈពេលពីរថ្ងៃជាប់ទាក់ទងនឹងជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍រវាងអតីតរដ្ឋសូវៀតលើទឹកដី Nagorno-Karabakh បានកើតឡើង។
ការប្រយុទ្ធគ្នាដែលភាគីម្ខាងៗបានបន្ទោសគ្នាទៅវិញទៅមកបានធ្វើឱ្យទាហានជាង ១៧០ នាក់បានស្លាប់ និងបានគំរាមកំហែងអូសទាញប្រទេសតួកគី ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អាស៊ែបៃហ្សង់ និងសម្ព័ន្ធមិត្តអាមេនីគឺរុស្ស៊ី ចូលទៅក្នុងជម្លោះកាន់តែទូលំទូលាយ ស្របពេលដែលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយខ្ពស់។

មន្ត្រីជាន់ខ្ពស់អាមេនីម្នាក់បានបញ្ជាក់ថា៖«បទឈប់បាញ់មួយត្រូវបានព្រមព្រៀងរវាងភាគីទាំងពីរកាលពីល្ងាចថ្ងៃពុធ។ រុស្ស៊ីបានខិតខំប្រឹងប្រែងសម្រាប់ទំនាក់ទំនងមិត្តភាពជាមួយអាស៊ែបៃហ្សង់ បានអះអាងផ្តល់កិត្តិយសសម្រាប់កិច្ចព្រមព្រៀងនេះ ទោះបីជាទីក្រុងមូស្គូមានកតិកាសញ្ញាការពារស្វ័យការពារជាមួយអាមេនី និងមានមូលដ្ឋានយោធានៅក្នុងប្រទេសនេះ។»
ជុំវិញបទឈប់បាញ់នេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់ថូនី ប្លីងខេន (Antony Blinken) បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រថា ៖«យើងស្វាគមន៍ចំពោះការបញ្ឈប់អរិភាពរវាងភាគីជម្លោះទាំង ២ ហើយនឹងបន្តធ្វើការជាមួយភាគីនានា ដើម្បីស្វែងរកការពង្រឹងវា»។
មុនពេលបទឈប់បាញ់ត្រូវបានប្រកាស នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បាននិយាយថា កងកម្លាំងអាស៊ែបៃហ្សង់ បានវាយលុក និងរឹបអូសយកការតាំងទីលំនៅរបស់អាមេនីជាច្រើននៅតាមព្រំដែនរួមគ្នា ដែលទីតាំងនោះស្ថិតនៅក្នុងទឹកដីហួសពីតំបន់ជម្លោះ Nagorno-Karabakh ។ ខណៈ ទីក្រុងបាគូបានអះអាងថា ខ្លួនកំពុងឆ្លើយតបនឹងការបង្កហេតុ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass បានរាយការណ៍ថា បេសកកម្មត្រួតពិនិត្យមួយពីអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពដឹកនាំដោយទីក្រុងមូស្គូបានមកដល់ទីក្រុងយ៉េរ៉េវ៉ាន់ (Yerevan) ប្រទេសអាមេនី កាលពីថ្ងៃព្រហស្បតិ៍ ហើយបានជួបពិភាក្សាជាមួយមន្ត្រីការពារជាតិ។ រុស្ស៊ី និងអាមេនី ជាសមាជិកទាំងពីរនៃអង្គការនោះ ប៉ុន្តែ អាស៊ែបៃហ្សង់ មិនមែនទេ។
លោក Miroslav Jenca ដែលជាឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកទ្បើងកាលពីថ្ងៃទី ១៥ ខែកញ្ញា ថា៖ «សហគមន៍អន្តរជាតិត្រូវតែរក្សាការប្តេជ្ញាចិត្តពេញលេញ ចំពោះដំណោះស្រាយសន្តិភាពរវាងអាមេនី និងអាហ្សែបៃហ្សង់»។ ខណៈ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលជាប្រធានសភាតំណាងរាស្ត្រអាម៉េរិក នឹងធ្វើដំណើរទៅកាន់ប្រទេសអាមេនីនៅចុងសប្តាហ៍នេះ ក្នុងការបង្ហាញការគាំទ្រ ហើយនឹងត្រូវបានអមដំណើរដោយតំណាងសហរដ្ឋអាម៉េរិក លោកស្រី Jackie Speier ដែលមានដើមកំណើតអាមេនី។ នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍។ ការិយាល័យរបស់លោកស្រី ផេឡូស៊ី បានលើកឡើងថា៖«យើងមិនបញ្ជាក់ ឬបដិសេធការធ្វើដំណើរអន្តរជាតិជាមុនទេ ដោយសារតែពិធីសារសន្តិសុខដែលមានរយៈពេលយូរ»។

លើសពីនោះ លោក Jenca បានលើកទ្បើងថា៖«ព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះជាការកត់សម្គាល់យ៉ាងមុតមាំថា ភាពតានតឹងរវាងអាមេនី និងអាស៊ែបៃហ្សង់មានសក្តានុពលក្នុងការធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់»។
ទន្ទឹមនឹងនេះ ទីក្រុងមូស្គូ បានលើកទ្បើងកាលពីថ្ងៃទី ១៥ ខែកញ្ញាថា៖«ខ្លួនកំពុងស្វែងរកការផ្លាស់ប្ដូរណាមួយនៅក្នុងតុល្យភាពយោធានៃតំបន់ដែលបានកើតឡើងជាលទ្ធផលនៃការប្រយុទ្ធគ្នា»។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសថា៖«យើងកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសទាំង ២ ដូច្នេះយើងនឹងព្យាយាមពង្រឹងបទឈប់បាញ់ប្រកបដោយនិរន្តរភាព និងការវិលត្រឡប់របស់យោធាអាស៊ែបៃហ្សង់ និងអាមេនី ទៅកាន់ទីតាំងដើមរបស់ពួកគេវិញ»។

ដោយទ្បែក អនុរដ្ឋមន្ត្រីការពារជាតិអាមេនី បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ «ជម្លោះបានបង្កើនហានិភ័យនៃការផ្ទុះឡើងសង្រ្គាមពេញទំហឹង ខណៈដែលអ្នកវិភាគមួយចំនួនបានលើកទ្បើងថា ទីក្រុងបាគូ កំពុងព្យាយាមទាញយកប្រយោជន៍ពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីពង្រឹងឥទ្ធិពលរបស់ពួកគេ។»
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងភាគីជម្លោះទាំង ២ គឺជាការសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជិតពីរឆ្នាំមកនេះ ចាប់តាំងពីសង្រ្គាមរយៈពេល ៦ សប្តាហ៍ក្នុងឆ្នាំ ២០២០ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងអាស៊ែបៃហ្សង់បានទទួលបានទឹកដីយ៉ាងសំខាន់នៅក្នុងនិងជុំវិញតំបន់ Nagorno-Karabakh ៕





