
(រាជធានីភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះថា សម្តេចកំពុងតែឱ្យក្រុមការងារបោះពុម្ពសៀវភៅមួយចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» ទាំងភាសាខ្មែរ និងទាំងភាសាអង់គ្លេស ដើម្បីឱ្យជនបរទេសអាចបានអានផងដែរ...។

សៀវភៅ «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» និពន្ធឡើងដោយឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្រគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា។ សៀវភៅនេះ និពន្ធឡើងដោយមានការបង្ហាញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹងពីសម្តេចឡើយ។ «ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង។ ឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្រគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសរសេរ សៀវភៅមួយក្បាល ដែលមានចំនួន៦០១ទំព័រ។ សៀវភៅនេះ បានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹង ដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។»។ នេះជាការថ្លែងរបស់សម្តេចតេជោ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេចកំពុងតែឱ្យគ្រឹះស្ថានបោះពុម្ពផ្សាយអរិយធម៌ បោះពុម្ពចំនួន៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេសដើម្បីឱ្យមិត្តភក្ដិបរទេសបានអានផងដែរ ដោយជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ៕



